ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយ​សមុទ្រឈប់ចាញ់បោកការភូតកុហក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយ​សមុទ្រឈប់ចាញ់បោកការភូតកុហក

ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយ​សមុទ្រឈប់ចាញ់បោកការភូតកុហក

ភ្នំពេញ៖«កាលពីមុនប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើនជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និង​ប្រព័ន្ធ​ឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។ ប៉ុន្តែ ក្រោយពេលព័ត៌មានពិតត្រូវបាន​ផ្សព្វផ្សាយ​​ព្រោងព្រាតតាម​បណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនា​ភូតកុហក​នោះឡើយ»។ នេះជាការ​កត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល ក្នុងឱកាស​អញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាព​ការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

អ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុកការផ្លាស់ប្តូរទស្សនៈរបស់ពលរដ្ឋខ្មែរឯនាយសមុទ្រចំពោះប្រទេសកំណើតរបស់ខ្លួនថា ជាឧទាហរណ៍មួយ​ដែលបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា។ តាមរយៈឧទាហរណ៍នេះ ឯកឧត្តម ប៉ែន បូណា ជំរុញលើកទឹកចិត្ត​ឱ្យក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី ខេត្ត បន្តផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបាន​ច្រើនបន្ថែមទៀតដើម្បីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងកាន់តែទូលំទូលាយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីខុសឆ្ងាយពី​អតីត​កាលឆ្ងាយ​ណាស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជន​កម្ពុជា។ នេះជាសមិទ្ធផលដ៏ធំធេងដែលយើងត្រូវ​ផ្សព្វផ្សាយគ្រប់ជ្រុង គ្រប់ទិដ្ឋភាពដើម្បីបន្សាបព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុង​ជ្រោយដែលមានចេតនាបំផ្លើសបំភ្លៃការ​ពិតពីកម្ពុជា ក្រោមអភិក្រម «និយាយការពិតដើម្បីការពារ» ពោលគឺការពារសមិទ្ធផលនិងស្នាដៃ​របស់រាជរដ្ឋាភិបាលឱ្យស្ថិតស្ថេរ​គង់វង្ស​ទាំងនៅលើទិដ្ឋភាពជាក់ស្តែង ទាំងនៅក្នុងសតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា​ស្វាគមន៍ពីឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈ​អភិបាល​ខេត្តព្រៃវែង រួមជាមួយឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាមន្ត្រីនៃអង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងនានា សរុបប្រមាណជិត ៤០០នាក់។

វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ មានគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ទី១. បង្កើនការយល់ដឹងអំពីកិច្ចការអ្នកនាំពាក្យ និងការ​ផ្សព្វផ្សាយព័ត៌មាន ទី២. ចែករំលែកបទពិសោធន៍ក្នុងការងារអ្នក​នាំពាក្យ និងព័ត៌មាន ទី៣. ពង្រឹងជំនាញវិជ្ជាជីវៈ​របស់អ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន និងទី៤. កសាងនិងពង្រឹងបណ្តាញទំនាក់​ទំនងរវាងអ្នកនាំពាក្យ និងក្រុមការងារ​ព័ត៌មាននៅគ្រប់កម្រិត៕
ដោយ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា