គ្រោះទឹកជំនន់ ៖ អាជ្ញាធរអំពាវនាវឲ្យប្រុងប្រយ័ត្ន ពិសេសចំពោះកុមារ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រោះទឹកជំនន់ ៖ អាជ្ញាធរអំពាវនាវឲ្យប្រុងប្រយ័ត្ន ពិសេសចំពោះកុមារ ​

គ្រោះទឹកជំនន់ ៖ អាជ្ញាធរអំពាវនាវឲ្យប្រុងប្រយ័ត្ន ពិសេសចំពោះកុមារ ​

ក្រសួងសុខាភិ​បាល នាថ្ងៃទី២៥ ខែសីហានេះបានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់​ ដែលកំពុងកើតមាននៅតាមតំបន់ទំនាបមួយចំនួន ហើយអាចបង្កហានិភ័យ ឬគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសចំពោះកុមារ។ ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋ ត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ​ ហើយរាល់ពេលធ្វើដំណើរតាមកាណូត ឬទូក គឺត្រូវមានការពាក់អាវពោងសុវត្ថិភាពជានិច្ច។​
 
ចំណែកក្រសួងអប់រំ យុវជន និងកីឡាវិញ ក៏ធ្លាប់បានណែនាំឱ្យឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទ្វេដងចំពោះកុមារនៅពេល ដែលទឹកកំពុង​កើនឡើងនៅក្នុងរដូវវស្សានេះ ព្រោះមានហានិភ័យលង់ទឹកខ្ពស់។
 
ក្រសួងអប់រំ បានទទូចឱ្យឪពុកម្តាយ កុំបណ្តោយឱ្យកូនៗនៅម្នាក់ឯង ឬលេងទឹកដោយគ្មានការត្រួតពិនិត្យដិតដល់ពីមនុស្សពេញវ័យ។ ឪពុកម្តាយត្រូវណែនាំកូនៗកុំឱ្យទៅក្បែរតំបន់ទឹកជំនន់ ផ្លូវលិចទឹក ទន្លេ ស្ទឹង ប្រឡាយ ឬកន្លែងដែលមានចរន្តទឹកហូរខ្លាំង។ ជាមួយគ្នានេះ ក្រសួងអប់រំ បានជំរុញឱ្យឪពុកម្តាយ​ ឬអាណាព្យាបាល គួរផ្តល់លទ្ធភាពឱ្យកូនៗបានរៀនជំនាញហែលទឹក ដើម្បីឱ្យពួកគេមានលទ្ធភាពការពារខ្លួននៅពេលជួបគ្រោះអាសន្ន។
 
យោងតាមរបាយការណ៍ឆ្នាំ២០២៤របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំ ការលង់ទឹកបានឆក់យកជីវិតមនុស្សរហូតជាង ១ ៣០០នាក់នៅក្នុងប្រទេសកម្ពុជា។​ ស្ថិតិនេះធ្វើឱ្យកម្ពុជាមាន​អត្រា​លង់ទឹកដ៏​ខ្ពស់​​ក្នុង​ពិភពលោក។ ការលង់ទឹកភាគច្រើនកើតឡើងទៅលើកុមារអាយុចាប់ពី ៥ឆ្នាំ ទៅ ១៤ឆ្នាំ ហើយក្មេងប្រុសប្រឈមនឹងហានិភ័យខ្ពស់ជាងក្មេងស្រីដល់ទៅជិតពីរដង។​
 
លោកស្រី តិ សារ៉ាត់ នាយិកាប្រតិបត្តិ នៃអង្គការហែលទឹកកម្ពុជា (https://www.facebook.com/swim.cambodiaorgan/) បានប្រាប់បណ្តាញព័ត៌មាន AMS ថា ការលង់ទឹករបស់កុមារ កើតឡើងដោយសារកុមារខ្វះការតាមដានថែទាំពីមនុស្សពេញវ័យ កុមារមិនទាន់មានជំនាញហែលទឹក និងជំនាញសុវត្ថិភាពក្នុងទឹក ការធ្វើដំណើរ ឬធ្វើការនៅលើទូកដោយមិនពាក់អាវពោងសុវត្ថិភាព។​
 
លោកស្រី បញ្ជាក់ថា ករណីលង់ទឹករបស់កុមារ អាចបង្ការ​តាមរយៈការតាមដានថែទាំ ការរៀបចំបរិស្ថានឱ្យមានសុវត្ថិភាព ការអប់រំអំពីសុវត្ថិភាពក្នុងទឹក ការបង្រៀនជំនាញហែលទឹក និងការជួយសង្គ្រោះប្រកបដោយសុវត្ថិភាព៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា