អង្គការសហប្រជាជាតិ និងកាកបាទក្រហម អំពាវនាវឱ្យបង្កើតច្បាប់ហាមឃាត់អាវុធស្វ័យប្រវត្តិក្នុងសង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការសហប្រជាជាតិ និងកាកបាទក្រហម អំពាវនាវឱ្យបង្កើតច្បាប់ហាមឃាត់អាវុធស្វ័យប្រវត្តិក្នុងសង្គ្រាម

អង្គការសហប្រជាជាតិ និងកាកបាទក្រហម អំពាវនាវឱ្យបង្កើតច្បាប់ហាមឃាត់អាវុធស្វ័យប្រវត្តិក្នុងសង្គ្រាម

បរទេស ៖ អង្គការសហប្រជាជាតិ និង កាកបាទក្រហមអន្តរជាតិ នៅថ្ងៃអង្គារនេះ បានអំពាវនាវរួមគ្នា ឱ្យបង្កើតច្បាប់បន្ទាន់ស្តីពីអាវុធស្វ័យប្រវត្តិ ដោយព្រមានថា អាវុធដែលអាចផ្តាច់យកជីវិត ដោយគ្មានការចូលរួមពីមនុស្ស អាចនឹងត្រូវប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ អំឡុងសង្គ្រាម នៅទូទាំងពិភពលោក។

បើតាម រយធឺ , ការព្រមាននេះ បានធ្វើឡើង ស្របពេលដែល ណ្តាប្រទេសនានាគ្រោងនឹងជួបប្រជុំគ្នា នៅទីក្រុងហ្សឺណែវ សប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីច្បាប់ថ្មី ដែលអាចនឹងកើតមានឡើង ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីតួនាទីរបស់អាវុធពាក់កណ្តាលស្វ័យប្រវត្តិបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានប្រើប្រាស់ក្នុងជម្លោះ នៅអ៊ុយក្រែន ស៊ូដង់ តំបន់ហ្គាហ្សា ក៏ដូចជា នៅអ៊ីរ៉ង់ និង តំបន់ឈូងសមុទ្រ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និង លោកស្រី Mirjana Spoljaric ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានចេញសេចក្តីថ្លែងការណ៍រួមមួយបញ្ជាក់ថា «បច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលជិតនឹងឆ្លងកាត់ខ្សែបន្ទាត់ក្រហមនៃសីលធម៌ ពោលគឺការដែលម៉ាស៊ីនកំណត់គោលដៅវាយប្រហារលើមនុស្ស ដោយស្វ័យប្រវត្តិ»។

ប្រភពអះអាងថា «ការចរចាត្រូវតែចាប់ផ្តើម នៅពេលនេះ ដើម្បីអនុម័តជាបន្ទាន់នូវយន្តការដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ សម្រាប់គ្រប់គ្រងប្រព័ន្ធអាវុធស្វ័យប្រវត្តិ ជាមួយនឹងការហាមឃាត់ និងការដាក់កម្រិតច្បាស់លាស់»។

អាវុធស្វ័យប្រវត្តិពេញលេញត្រូវបានប្រើប្រាស់រួចហើយ ដោយកងទ័ពមួយចំនួន ដូចជា ប្រព័ន្ធការពារប្រឆាំងនឹងមីស៊ីល នៅលើនាវាចម្បាំង ជាដើម ប៉ុន្តែ សម្រាប់ពេលនេះ គេមិនទាន់ឃើញមានការប្រើប្រាស់អាវុធទាំងនោះដើម្បីវាយប្រហារលើគោលដៅជាមនុស្សនៅឡើយទេ។

ក្រុមសិទ្ធិមនុស្សក៏មានការព្រួយបារម្ភផងដែរថា ប្រព័ន្ធដែលដំណើរការដោយ AI មិនអាចត្រូវបានព្យាករណ៍ ឬ គ្រប់គ្រងបានត្រឹមត្រូវនោះទេ ដែលបង្កើនហានិភ័យនៃកំហុសឆ្គងធ្ងន់ធ្ងរដល់អាយុជីវិត ដូចជា ការបរាជ័យ ក្នុងការសម្គាល់ទាហានដែលរងរបួស ឬ ទាហានដែលកំពុងចុះចាញ់ជាដើម។

ពួកគេលើកឡើងថា នៅពេលដែលកំហុសបែបនេះកើតឡើង វាពិតជាពិបាកក្នុងការកំណត់ការទទួលខុសត្រូវលើអ្នកប្រព្រឹត្ត នៅក្នុងករណីឧក្រិដ្ឋកម្មសង្គ្រាម នាពេលអនាគត៕

ប្រភព រយធឺ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា