ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ជួបនិស្សិតទៅរុស្ស៊ី ៤០រូប មុនចេញដំណើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ជួបនិស្សិតទៅរុស្ស៊ី ៤០រូប មុនចេញដំណើរ

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ជួបនិស្សិតទៅរុស្ស៊ី ៤០រូប មុនចេញដំណើរ

ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួល​បន្ទុក​បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បាន​អញ្ជើញជួប​សំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យ​លាភីអាហារូបករណ៍ចំនួន ៤០រូប ដែល​ត្រូវចេញទៅបន្តការសិក្សា​នៅសហព័ន្ធរុស្ស៊ី ។ជំនួបបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ។

ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា ក្នុង​ឱកាសនោះ​ឯកឧត្តម​សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងការអបអរសាទរ​យ៉ាង​កក់ក្តៅចំពោះនិស្សិតទាំងអស់ ដែលបាន​ខិតខំ​ប្រកួតប្រជែងរហូត​ទទួល​បានអាហារូបករណ៍ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ដែលជាប្រទេស​មានប្រព័ន្ធអប់រំស្តង់ដារ​ខ្ពស់​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម វេជ្ជសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ។

ក្នុងនាមជាអតីតនិស្សិតធ្លាប់សិក្សានៅប្រទេសរុស្ស៊ីនាទសវត្សរ៍ឆ្នាំ១៩៨០ ឯកឧត្តមសន្តិបណ្ឌិត បានចែករំលែកបទពិសោធន៍​រស់នៅ និងការ​សិក្សាព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗដល់ក្រុមនិស្សិត ក្នុងនេះ​ត្រូវយកចិត្តទុកដាក់លើភាសារុស្ស៊ី និងមុខ​វិជ្ជាឯកទេស ដោយមាន​ឆន្ទៈ​មោះមុតក្នុងការជម្នះរាល់ឧបសគ្គ។ត្រូវចូលរួមផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី និងភាព​រីកចម្រើន​របស់កម្ពុជាទៅកាន់មិត្ត​ភក្តិ​អន្តរជាតិ។លើសពីនេះត្រូវរក្សាសេចក្តីថ្លៃថ្នូរ សាមគ្គីភាពក្នុង​ចំណោម​និស្សិតខ្មែរ រក្សាទំនាក់ទំនងល្អ​ជាមួយប្រជាជនរុស្ស៊ី និងគោរពច្បាប់ ព្រមទាំងបទបញ្ជាផ្ទៃក្នុងសាលាឱ្យបានខ្ជាប់ខ្ជួន។

ដោយឡែកទាក់ទងនឹងជំហររាជរដ្ឋាភិបាលលើការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និង​បញ្ហា​ព្រំដែន ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរយៈការបង្កើត គ.ប.ឆ.ប. ការរៀបចំច្បាប់ និងការពង្រឹងកិច្ចសហការអន្តរជាតិ។ ជាមួយគ្នានេះ កម្ពុជាក៏កំពុង​ត្រៀមរៀបចំ សន្និសីទអន្តរជាតិ​ស្តីពីការប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ​។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់​នូវជំហរ​ដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិជាមូលដ្ឋាន។

លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី តំណាងឱ្យនិស្សិតទាំងអស់ បានថ្លែងអំណរគុណ​និង​បានសន្យាថា​នឹងខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ និងបំពេញតួនាទីជា «ទូតសុឆន្ទៈ និងទូតវប្បធម៌» ដ៏ល្អ ដើម្បីត្រឡប់​មកវិញចូលរួម​អភិវឌ្ឍ​មាតុភូមិឱ្យកាន់តែរីកចម្រើន៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា