កូរ៉េខាងត្បូង ថា យន្តហោះយោធារុស្ស៊ីហោះចូលដែនអាកាសរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ថា យន្តហោះយោធារុស្ស៊ីហោះចូលដែនអាកាសរបស់ខ្លួន

កូរ៉េខាងត្បូង ថា យន្តហោះយោធារុស្ស៊ីហោះចូលដែនអាកាសរបស់ខ្លួន

សេអ៊ូល ៖ កូរ៉េខាងត្បូងនិយាយ នៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងឱ្យហោះឡើងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនអះអាងថា ជាយន្តហោះយោធារុស្ស៊ី ហោះចូលមកក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។

ការចោទប្រកាន់នេះធ្វើឡើង ស្របពេលដែល ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះដុនដាប ពោលគឺ ចាប់តាំងពីកូរ៉េខាងត្បូងបានចូលរួមអនុវត្តវិធានការដាក់ទណ្ឌកម្មរបស់បស្ចិមលោក ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមអ៊ុយក្រែន និង ចាប់តាំងពីទីក្រុងម៉ូស្គូបានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកូរ៉េខាងជើង។

ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា យន្តហោះរុស្ស៊ីមួយចំនួនបានចូល និងបន្ទាប់មក បានចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន នៅលើដែនទឹកសមុទ្រខាងកើត ឬ East Sea ដែលត្រូវបានគេស្គាល់ផងដែរថា ជាសមុទ្រជប៉ុន (Sea of Japan)។

ក្រសួងបាននិយាយថា «យោធាកូរ៉េខាងត្បូងបានរកឃើញយន្តហោះរុស្ស៊ីទាំងនោះ មុនពេលពួកវាចូលមកក្នុងតំបន់ ហើយបានបញ្ជូនយន្តហោះចម្បាំងរបស់កងទ័ពអាកាស ដើម្បីត្រៀមខ្លួនសម្រាប់ស្ថានការណ៍បន្ទាន់ណាមួយ» ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

ក្រសួងបានបញ្ជាក់ថា យន្តហោះរុស្ស៊ីទាំងនោះមិនបានរំលោភលើដែនអាកាសអធិបតេយ្យភាពរបស់កូរ៉េខាងត្បូងឡើយ។ តែ នេះគឺជាការចូលមកក្នុងតំបន់បែបនេះជាលើកទីពីរហើយ ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។

បើតាម AFP , តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស មិនមែនជាដែនអាកាសដែលមានអធិបតេយ្យភាពពេញលេញនោះទេ ប៉ុន្តែ វាជាតំបន់ទ្រនាប់មួយ ដែលប្រទេសនានាតម្រូវឱ្យយន្តហោះបរទេសបង្ហាញអត្តសញ្ញាណរបស់ខ្លួន ដើម្បីគោលបំណងសន្តិសុខ។

ជាទូទៅ គេរំពឹងថា យន្តហោះយោធានឹងជូនដំណឹងដល់ប្រទេសពាក់ព័ន្ធ មុនពេលចូលទៅក្នុងតំបន់របស់ប្រទេសនោះ ទោះបីជាមិនមានកាតព្វកិច្ចផ្លូវច្បាប់ណាមួយតម្រូវឱ្យធ្វើបែបនេះក៏ដោយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា