សម្តេចតេជោ ហ៊ុន សែន ជំរុញទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ជំរុញទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន

សម្តេចតេជោ ហ៊ុន សែន ជំរុញទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន

ពេលទទួលជួបជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ដល់ទស្សនៈសំខាន់ៗ៣ ដើម្បីជំរុញទំនាក់ទំនង កម្ពុជា-អារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន ។

ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្តេចតេជោកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈនៃការផ្លាស់ប្ដូរជាបន្ដបន្ទាប់នូវដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ជាងនេះទៅទៀត ទស្សនកិច្ចរបស់ធុរជនអារ៉ាប៊ីសាអូឌីតនៅកម្ពុជាក៏បានរួមចំណែកពង្រឹងវិស័យវិនិយោគផងដែរ។ នេះជាការលើកឡើងរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

ក្រៅពីនេះ លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតសង្កេតឃើញថា នៅមានសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នាបាន ជាពិសេស លើការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ទស្សនៈសំខាន់ៗចំនួន៣ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន ក្នុងនោះសម្ដេចជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរឲ្យកាន់តែញឹកញាប់បន្ថែមទៀត ដើម្បីពង្រឹងការជឿជាក់គ្នា។

ម៉្យាងទៀត សម្តេចតេជោគាំទ្រឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់អ្នកវិនិយោគអារ៉ាប៊ីសាអូឌីត និងកម្ពុជា ជាពិសេស គឺពង្រឹងទំនាក់ទំនងរវាងធុរជន ដើម្បីបង្កើនការវិនិយោគនៅក្នុងប្រទេសទាំងពីរ។ សម្ដេចចង់ឃើញអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ដោយផ្តោតលើការកែច្នៃ ជាពិសេសកសិផល ដើម្បីនាំលក់ទៅលក់នៅអារ៉ាប៊ីសាអូឌីត។

ចំណុចចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែស្អិតរមួត ជាពិសេស គឺផ្ដោតទៅលើវិស័យទេសចរណ៍តែម្ដង ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងនយោបាយរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរឹងមាំ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា