កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃនៅខេត្តព្រះវិហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃនៅខេត្តព្រះវិហារ

កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃនៅខេត្តព្រះវិហារ

កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃទី២៦សីហានេះ។

កម្ពុជាចាត់ទុក ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះថា ជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមក។

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើឱ្យមានភាពស្របច្បាប់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយ។

ដំណើរទស្សនកិច្ចនេះ គឺស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាង ឥណ្ឌូចិន និងសៀម និងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងច្បាស់នូវសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹងតាមបណ្តោយព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា ទាំងផែនទីដែលគូសដោយឯកតោភាគី ឬដំណើរទស្សនកិច្ចណាមួយដែលផ្អែកលើផែនទីបែបនេះ មិនអាចផ្លាស់ប្តូរខ្សែព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិបានឡើយ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការ ទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ ដំណើរទស្សនកិច្ចខាងលើនេះ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

ជាចុងក្រោយ កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុន ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ទោះបីយ៉ាងណា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែលមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា