កម្ពុជា ជំរុញការនាំចេញផលិតផលកសិ-កែច្នៃទៅកាន់ទីផ្សារអន្តរជាតិ និងបណ្ដាផ្សារទំនើបលំដាប់ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ជំរុញការនាំចេញផលិតផលកសិ-កែច្នៃទៅកាន់ទីផ្សារអន្តរជាតិ និងបណ្ដាផ្សារទំនើបលំដាប់ពិភពលោក

កម្ពុជា ជំរុញការនាំចេញផលិតផលកសិ-កែច្នៃទៅកាន់ទីផ្សារអន្តរជាតិ និងបណ្ដាផ្សារទំនើបលំដាប់ពិភពលោក

ផ្អែកលើអនុសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ ក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជា បន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។
 
យោងតាមក្រសួងពាណិជ្ជកម្ម ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជន បានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា។
 
ក្រសួងបានបញ្ជាក់ថា តាមរយៈក្រុមហ៊ុន Amru Rice អង្ករប្រណីត Phka Malis ក្រោមស្លាកយីហោ Comptoir du Grain បានចូលទៅកាន់ធ្នើផ្សារទំនើបខ្នាតយក្ស E.Leclerc នៅប្រទេសបារាំង, រីឯអង្ករប្រណីត Emerald River ត្រូវបាននាំចូលទីផ្សារសហរដ្ឋអាមេរិក ​ហើយកំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅក្នុងផ្សារទំនើបលក់ដុំធំបំផុតមួយរបស់អាមេរិក គឺផ្សារ COSTCO Wholesale ។ នៅលើទីផ្សារអាស៊ីវិញ អង្ករប្រណីតកម្ពុជាមានដាក់លក់ ក្នុងបណ្តាញផ្សារទំនើបនៅសិង្ហបុរី និងហុងកុង។
 
ទន្ទឹមនឹងភាពជោគជ័យនៃវិស័យស្រូវ-អង្ករ ផលិតផលកសិ-កែច្នៃកម្ពុជា ក៏បានបង្ហាញវត្តមានក្នុងផ្សារទំនើប COSTCO យ៉ាងរឹងមាំផងដែរ តាមរយៈផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP)។ ផលិតផលស្វាយខ្មែរបានឆ្លងកាត់ការវាយតម្លៃស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់ រហូតឈានដល់ការចែកចាយជាផ្លូវការក្រោមម៉ាកសញ្ញាឯកជន Kirkland Signature ដែលជាសក្ខីភាពបញ្ជាក់ពីការបង្កើនតម្លៃបន្ថែមដល់កសិផលជាតិ។
 
ក្រៅពីនោះ ក៏មានផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន Misota ដែលបានពង្រីកទីផ្សារគោលដៅសំខាន់ៗ របស់ខ្លួននៅប្រទេសជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) និងបន្តឈានជើងចូលទៅទីផ្សារ ប្រទេសបារាំង នាពេលឆាប់ៗ ខាងមុខ។
 
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ទៀតថា តាមរយៈការសម្របសម្រួលរបស់ក្រសួង ក្រុមហ៊ុន HCST បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ក្រុមហ៊ុន Whitworths នៃចក្រភពអង់គ្លេសដោយផ្ទាល់ជាលើកដំបូង និងក្រុមហ៊ុន Boettger នៃប្រទេសអាល្លឺម៉ង់។
 
ក្រៅពីនេះ កម្ពុជានៅមានផលិតផលកសិកម្ម និងកសិ-កែច្នៃសក្តានុពលខ្ពស់ជាច្រើនទៀតដែលកំពុងពង្រីកឥទ្ធិពលលើឆាកអន្តរជាតិ ដូចជា៖ ម្រេចកំពត ផ្កាអំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ដែលកំពុងទទួលបានការគាំទ្រខ្លាំងលើទីផ្សារសហភាពអឺរ៉ុប អាមេរិក និងជប៉ុន។ ជាក់ស្តែង គ្រាប់ស្វាយចន្ទីកម្ពុជាកំពុងចរាចរលក់នៅលើបណ្ដាញផ្សារទំនើប FamilyMart រហូតដល់ប្រមាណ ១៦,០០០ សាខាទូទាំងប្រទេសជប៉ុន ដែលឆ្លុះបញ្ចាំងពីវិសាលភាពគ្របដណ្ដប់លើទីផ្សារយុទ្ធសាស្ត្រសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់។
 
សមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តដើរតួនាទីជាសេនាធិការដ៏សកម្មរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយអត្តសញ្ញាណ «Product of Cambodia» ឱ្យទៅជាជម្រើសប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា