កម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច

កម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដឹកនាំដោយ លោកស្រី Sonya Elmer Dettelbacher អនុប្រធានកិច្ចសហប្រតិបត្តិការ និងជាប្រធានផ្នែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលទើបចូលកាន់តំណែងនៅកម្ពុជា ជួបពិភាក្សាគ្នាលើការស្វែងរកកិច្ចសហការកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងជំរុញកំណើនប្រកបដោយបរិយាបន្ន។

បច្ចុប្បន្ន SDC កំពុងគាំទ្រគំនិតផ្តួចផ្តើមដែលផ្តោតលើការងារសមរម្យសម្រាប់យុវជន សហគ្រិនភាព និងនវានុវត្តន៍ ភាពប្រកួតប្រជែងនៃវិស័យឯកជន និងការអភិវឌ្ឍជំនាញ នៅកម្ពុជា។ ដោយបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការត្រៀមលក្ខណៈសម្បត្តិ និងការពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជន ស្របពេលដែលកម្ពុជាត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC)គឺជាបង្គោលចរមួយដ៏សំខាន់ ប៉ុន្តែក៏នឹងនាំមកនូវបញ្ហាប្រឈមថ្មីៗសម្រាប់កម្ពុជាដែរ ពិសេសសម្រាប់សហគ្រិនរបស់យើង។ យើងត្រូវត្រៀមលក្ខណៈឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាចបង្កើនផលិតភាព បំពេញតាមស្តង់ដាគុណភាព និងលក្ខណ្ឌតម្រូវទីផ្សារ ចាប់យកបច្ចេកវិទ្យា និងចូលរួមកាន់តែមានប្រសិទ្ធភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។”

លោកស្រី Elmer Dettelbacher សង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តជាប្រទេសអាទិភាពក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៧–២០៣០ របស់រដ្ឋាភិបាលស្វីស ដោយផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ការលើកកម្ពស់សហគ្រិនភាព ការពង្រីកកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងការតភ្ជាប់ទីផ្សារចេញពីពីរាជធានីភ្នំពេញ។ ហើយសម្រាប់ឆ្នាំ២០២៣ ដល់ ២០២៧ កន្លងមក SDC បានសម្រេចគម្រោងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei) រួចមកហើយ។

ភាគីទាំងពីរបានកំណត់យកការបង្កើនផលិតភាព លទ្ធភាពទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធគុណភាព ការកែច្នៃកសិផល ឌីជីថលូបនីយកម្ម និងការអភិវឌ្ឍជំនាញឧស្សាហកម្ម ជាអាទិភាពចម្បង។

ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានចាប់ផ្តើមសកម្មភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួននៅប្រទេសកម្ពុជា ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ការអភិវឌ្ឍវិស័យកសិកម្ម សុខាភិបាល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងបន្តពង្រីក និងជំរុញជាបន្តបន្ទាប់ ជាពិសេសយុទ្ធសាស្ត្រសហប្រតិបត្តិការតំបន់មេគង្គ និងកម្មវិធីនានា (ដូចជាកម្មវិធី 3Ei និងវេទិកាគាំទ្រការវិនិយោគសហគ្រិន – EIS) ដែលរៀបចំឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

តាមរយៈគម្រោង SDC មិនត្រឹមតែជួយកសាងសមត្ថភាពដល់សហគ្រិនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីទាំងមូល (ទាំងផ្នែកបច្ចេកវិទ្យា ជំនាញ កិច្ចសម្របសម្រួលស្ថាប័ន និងហិរញ្ញប្បទាន) ដើម្បីឱ្យ MSMEs របស់កម្ពុជាមានភាពធន់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់បរិការណ៍ក្រោយចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៕


អត្ថបទ៖ វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា