WFP៖ ជម្លោះព្រំដែនខ្មែរ-ថៃប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ពិសេសកុមារភៀសសឹកដែលត្រូវឃ្លាតឆ្ងាយពីផ្ទះ និងសាលារៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
WFP៖ ជម្លោះព្រំដែនខ្មែរ-ថៃប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ពិសេសកុមារភៀសសឹកដែលត្រូវឃ្លាតឆ្ងាយពីផ្ទះ និងសាលារៀន

WFP៖ ជម្លោះព្រំដែនខ្មែរ-ថៃប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ពិសេសកុមារភៀសសឹកដែលត្រូវឃ្លាតឆ្ងាយពីផ្ទះ និងសាលារៀន

កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃទី២៦សីហានេះថា គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនខ្មែរ-ថៃនាពេលកន្លងទៅនេះ បានជួបប្រទះផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ ក្នុងនោះកុមារជាច្រើនត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង សាលារៀន និងទម្លាប់រស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
 
នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាជាតិគាំ​ពារសង្គម បានចុះទៅទស្សនកិច្ចតាមសាលារៀនមួយចំនួន ដែលបានកំពុងផ្តល់ការគាំទ្រដល់កុមារភៀសខ្លួន តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន។
 
ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ខណៈដែលកម្ពុជាជួបវិបត្តិជម្លោះព្រំដែនជាមួយប្រទេសថៃរ៉ាំរ៉ៃជាច្រើនខែមកនេះ ការបន្តចូលរួមចំណែកគាំទ្ររបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីគាំទ្រដល់ដំណើរការសាលារៀនបណ្ដោះអាសន្ននៅតាមជំរំសុវត្ថិភាព ពិតជាសំខាន់ និងចាំបាច់ណាស់។
 
ឯកឧត្តមបានអរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងពីរ គឺកម្មវិធីស្បៀងអាហារពិភពលោក ដែលគាំទ្រការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន និងអង្គការ Action Education ដែលតែងតែចូលរួមសហការជាមួយក្រសួងអប់រំ ក្នុងការគាំទ្រដល់សាលារៀនបណ្ដោះអាសន្ននៅតាមជំរំសុវត្ថិភាព។
 
សូមបញ្ជាក់ថា ឆ្លើយតបនឹងស្ថានភាពបន្ទាន់ដែលកើតចេញពីសង្គ្រាមឈ្លានពាននៅព្រំដែនកន្លងមក កម្មវិធីស្បៀងអាហារពិភពលោក បានទទួលថវិកាពីប្រទេសជប៉ុន ដើម្បីគាំទ្រកម្មវិធីផ្ដល់អា​ហា​រ​តាមសាលារៀនដល់សិស្ស ដែលកំពុងសិក្សានៅសាលារៀនតាមព្រំដែន និងថ្នាក់រៀនបណ្ដោះអាសន្ននៅតាមជំរំសុវត្ថិភាពសរុបចំនួន ២៣កន្លែងក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង​ព្រះវិហារ។
 
ក្រសួងអប់រំបញ្ជាក់ថា ការគាំទ្រនេះ បាននិងកំពុងផ្ដល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២ពាន់នាក់ ដោយបានចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពរបស់គម្រោងក្នុងការរៀបចំ និងពង្រឹងលក្ខខណ្ឌចាំបាច់សម្រាប់ការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលាឱ្យកាន់តែល្អប្រសើរឡើង។ គម្រោងនេះបានចាប់ផ្ដើមអនុវត្តនាដើមខែកក្កដា ឆ្នាំ២០២៦ ហើយគ្រោងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៧៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា