ថៃដកអក្សរខ្មែរចេញពីមន្ទីរពេទ្យនៅខេត្តសុរិន្ទ - អ្នកជំនាញថា ទង្វើនេះមិនចំណេញអ្វីដល់ថៃឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃដកអក្សរខ្មែរចេញពីមន្ទីរពេទ្យនៅខេត្តសុរិន្ទ - អ្នកជំនាញថា ទង្វើនេះមិនចំណេញអ្វីដល់ថៃឡើយ

ថៃដកអក្សរខ្មែរចេញពីមន្ទីរពេទ្យនៅខេត្តសុរិន្ទ - អ្នកជំនាញថា ទង្វើនេះមិនចំណេញអ្វីដល់ថៃឡើយ

បន្ទាប់ពីលែងមានអ្នកជំងឺខ្មែរចូលទៅព្យាបាល មន្ទីរពេទ្យសុរិន្ទរបស់ថៃបានសម្រេចដកអក្សរខ្មែរចេញពីស្លាកមន្ទីរពេទ្យ​ ដោយទុកតែភាសាថៃ និងអង់គ្លេសប៉ុណ្ណោះ។ មានសេចក្តីរាយការណ៍ថា មន្ទីរពេទ្យមួយចំនួន​ទៀត​ដែលមានសរសេរអក្សរខ្មែរ ដើម្បីងាយស្រួលដល់អ្នកជំងឺខ្មែរអាន ក៏បានសម្រេចដកអក្សរខ្មែរចេញដែរ។
 
មុនពេលផ្ទុះជម្លោះព្រំដែន ប្រជាពលរដ្ឋខ្មែរជាច្រើន ពិសេសអ្នកនៅជាប់ព្រំដែន បានទៅរកសេវាព្យាបាលជំងឺនៅតាមមន្ទីរពេទ្យថៃ ប៉ុន្តែពេលនេះស្ថានការណ៍បានផ្លាស់ប្តូរទាំងស្រុង។ អ្នកជំងឺខ្លះសម្រេចទទួលការព្យាបាល​នៅក្នុងស្រុកវិញ ហើយមួយចំនួនទៀតបានជ្រើសរើសប្រទេសដទៃ​ ដូចជា​វៀតណាម ម៉ាឡេស៊ី ឬសិង្ហបុរី​ជាដើម។
 
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដកអក្សរខ្មែរនេះមិនបានផ្តល់ចំណេញអ្វីដល់ថៃឡើយ ផ្ទុយទៅវិញមានតែបង្ហាញពីឥរិយាបទអសីលធម៌ប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា កម្ពុជាមិនចាំបាច់ទៅប្រតិកម្មតបតលើរឿងនេះទេ ព្រោះថៃអាចលុបអក្សរលើផ្លាកបាន តែមិនអាចលុបប្រវត្តិសាស្ត្រ ឬវប្បធម៌ខ្មែរដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដែនដីនោះបានឡើយ។
 
អ្នកជំនាញវប្បធម៌ បានសង្កត់ធ្ងន់ថា ពលរដ្ឋដើមកំណើតខ្មែរបានរស់នៅខេត្តសុរិន្ទតាំងពីយូរយារណាស់មកហើយ ដូច្នេះការប្រើប្រាស់អក្សរខ្មែរ និងថៃអមគ្នា គឺជារឿងចាំបាច់បំផុត។ លោកបានកត់សម្គាល់ថា មុនពេលមានជម្លោះ ជនជាតិខ្មែរជាច្រើនបានទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យសុរិន្ទនេះ ប៉ុន្តែក្រោយជម្លោះផ្ទុះឡើង ស្ថាប័នថៃមួយចំនួនបានដកអក្សរខ្មែរចេញ ដោយសារតែចរន្តជាតិនិយមជ្រុល។
 
យោងតាមសារព័ត៌មានថៃ The Nation ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យក្នុងខេត្តសុរិន្ទទទួលព្យាបាលអ្នកជំងឺកម្ពុជាចន្លោះពី ៩,០០០ ទៅ ១០,០០០នាក់ ដោយបង្កើតចំណូលពីសេវាសុខាភិបាលបានប្រមាណ ១ លាន ៥សែនដុល្លារអាមេរិក៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា