អ្នកជំនាញថា​ របង​ព្រំដែនដែលថៃសង់ មិនត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិនោះទេ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញថា​ របង​ព្រំដែនដែលថៃសង់ មិនត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិនោះទេ​

អ្នកជំនាញថា​ របង​ព្រំដែនដែលថៃសង់ មិនត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិនោះទេ​

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ការសាងសង់ជញ្ជាំងព្រំដែនរវាងថៃ និងកម្ពុជា ដោយយោធាថៃមិនត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិទេ ហើយក៏មិនទទួលបានការគាំទ្រពីប្រជាជនដែលរស់នៅតំបន់នោះដែរ។
 
លោក ឆាំង យុ​ យល់ឃើញថា​ សកម្មភាពនេះគឺថៃគ្រាន់តែធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយរយៈពេលខ្លីរបស់ក្រុមឥស្សរជនថៃ ដែលព្យាយាមបង្កើតភាពតានតឹងជាមួយកម្ពុជា ដើម្បីជំរុញរបៀបវារៈផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។
 
អ្នកជំនាញឯកសារប្រវត្តិសាស្ត្ររូបនេះ ​បានលើកឡើងទៀតថា​ យោធាថៃអាចសាងសង់ជញ្ជាំងនេះបាន ប៉ុន្តែប្រវត្តិសាស្ត្របង្ហាញថា ជញ្ជាំងដែលខ្វះមូលដ្ឋានគ្រឹះនៃច្បាប់ ភាពស្របច្បាប់ និងភាពចាំបាច់ខាងសីលធម៌ ជាក់ស្តែង នឹងដួលរលំ និងបរាជ័យ។
 
ការលើកឡើងរបស់លោកឆាំង យុ គឺស្របពេលដែល​សារព័ត៌មានថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានចុះផ្សាយពីគម្រោងសាងសង់របងព្រំដែនថៃ និងកម្ពុជា ដំណាក់កាលទី២ ប្រវែងជាង៨គីឡូម៉ែត្រ ក្រោយពីបញ្ចប់ការសាងសង់របងព្រំដែនដំណាក់កាលទី១ ប្រវែង១ ៣០០ម៉ែត្រកាលពីខែកក្កដាកន្លងទៅ។ 
 
របងព្រំដែន ដែលថៃបានសង់ គឺស្ថិតនៅចន្លោះបង្គោលលេខ៥២ ដល់លេខ ៥៨ ស្រុកពង់ណាំរ៉ុន ខេត្តចន្ទបូរី ប្រទេសថៃ ទល់នឹងស្រុកកំរៀង ខេត្តបាត់ដំបង​ ប្រទេសកម្ពុជា។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ យកលេសថា របងព្រំដែន​នេះ​គឺជា​ការ​បង្ហាញ​ការ​តាំង​ចិត្ត​របស់​ប្រទេស​ថៃ​ក្នុង​ការ​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​​កម្ពុជា និង​ទប់ស្កាត់ការ​ជួញដូរ​មនុស្ស និង​ទំនិញ​ខុសច្បាប់។
 
ប៉ុន្តែលោក សេង វណ្ណលី អ្នក​តាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លើកឡើងថា ការសាងសង់របងព្រំដែននេះ មិនមែនជាឆន្ទៈពិតប្រាកដរបស់ប្រទេសថៃក្នុងការ «បញ្ចប់ជម្លោះព្រំដែន» ជាមួយកម្ពុជាឡើយ ហើយទង្វើ នេះមិនត្រឹមតែមិនជួយបង្កើតទំនុកចិត្តរវាងប្រទេសជិតខាងទេ ប៉ុន្តែអាចធ្វើឱ្យជម្លោះកាន់តែជ្រៅ និងតានតឹងថែមទៀត។ 
 
លោក សេង វណ្ណលី យល់ឃើញថា  វិធីសាស្ត្រដ៏ល្អបំផុតនោះ គឺភាគីថៃត្រូវតែបញ្ឈប់ការធ្វើសកម្មភាពដែលអាចផ្លាស់ប្តូរស្ថានភាពនៅលើដី ហើយអង្គុយដោះស្រាយទីតាំងព្រំដែនជាមួយកម្ពុជាតាមផ្លូវច្បាប់អន្តរជាតិ ក្រោមយន្តការដែលភាគីទាំងពីរទទួលស្គាល់៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា