ថៃគ្រោងដោះលែងអ្នកនេសាទខ្មែរចំនួន២នាក់ក្នុងចំណោម៣នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃគ្រោងដោះលែងអ្នកនេសាទខ្មែរចំនួន២នាក់ក្នុងចំណោម៣នាក់

ថៃគ្រោងដោះលែងអ្នកនេសាទខ្មែរចំនួន២នាក់ក្នុងចំណោម៣នាក់

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃពុធទី២៦ សីហា ឆ្នាំ២០២៦នេះថា ភាគីថៃនឹងដោះលែងអ្នកនេសាទខ្មែរចំនួន ២នាក់ក្នុងចំណោម ៣នាក់ នៅថ្ងៃទី២៩ សីហាខាងមុខ នៅច្រកព្រំដែនខ្លងយ៉ៃ ប្រទេសថៃ ជាប់ច្រកព្រំដែនអន្តរជាតិចាំយាម ក្នុងខេត្តកោះកុងរបស់កម្ពុជា។
 
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា អគ្គកុង​ស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ នឹងទៅ​ទទួលពួកគេនៅទីនោះ ដើម្បីជួយចាត់ចែងបញ្ជូនត្រឡប់មកកម្ពុជា ខណៈអ្នកនេសាទម្នាក់ទៀតត្រូវពន្យាពេលដោះលែងរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
ការដោះលែងអ្នកនេសាទខ្មែរចំនួន ២នាក់មកមុននេះ ត្រូវបានមន្រ្តីពន្ធនាគារប្រទេសថៃបញ្ជាក់ថា ដោយសារមានសាលក្រមសម្រេចឲ្យដោះលែងពីតុលាការថៃ។ នេះបើតាមឯកឧត្តម ចាន់ រតនា ដែលទទួលបានដំណឹងនេះពីអគ្គកុង​ស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ។ ចំពោះអ្នកនេសាទម្នាក់ទៀ​ត គឺត្រូវ​រងចាំដីការសម្រេចដោះលែងពីតុលាការថៃសិន។
 
តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទទាំង ៣នាក់ ក្នុងនោះ ២នាក់កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩ម៉ឺនបាត ស្មើប្រមាណណ ១០លានរៀល និងអ្នកបើកទូកនេសាទម្នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬ ស្មើប្រមាណ ១៤លានរៀល។
 
ពួកគេត្រូវបានទាហានជើងទឹកថៃចាប់នៅក្បែរកោះយ៉រ ខេត្តកោះកុង កាល​ពី ថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២៦។ កម្ពុជាបានចោទថា នាវាថៃបានរំលោភចូលដែនសមុទ្រកម្ពុជា ដើម្បីចាប់អ្នកនេសាទខ្មែរ ហើយទាមទារឲ្យដោះលែងអ្នកនេសាទទាំងនោះ​ ព្រមទាំងបញ្ជូនទូកនេសាទរបស់ពួកគេត្រឡប់មកខ្មែរវិញផងដែរ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា