ព្រឹត្តិការណ៍ “ស៊េរីពិព័រណ៌កម្ពុជាឆ្នាំ ២០២៦” បើកដំណើរការផ្លូវការរយៈពេល ៣ថ្ងៃ នៅទីក្រុងកោះពេជ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹត្តិការណ៍ “ស៊េរីពិព័រណ៌កម្ពុជាឆ្នាំ ២០២៦” បើកដំណើរការផ្លូវការរយៈពេល ៣ថ្ងៃ នៅទីក្រុងកោះពេជ្រ

ព្រឹត្តិការណ៍ “ស៊េរីពិព័រណ៌កម្ពុជាឆ្នាំ ២០២៦” បើកដំណើរការផ្លូវការរយៈពេល ៣ថ្ងៃ នៅទីក្រុងកោះពេជ្រ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ “ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦” ឬ Cambodia Exhibition Series 2026 បើកដំណើរការជាផ្លូវការហើយក្នុងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍ពិព័រណ៍ដែលគ្របដណ្តប់លើវិស័យកសិកម្ម, ការចិញ្ចឹមសត្វ, វារីវប្បកម្ម, អាហារ និងភេសជ្ជៈ, សត្វចិញ្ចឹម, ឱសថ, ឧបករណ៍វេជ្ជសាស្ត្រ, មន្ទីរពិសោធន៍, សម្ភស្ស និងរបៀបរស់នៅនេះ បានពង្រីកផ្ទៃក្រឡាប្រមាណ ៣០ ភាគរយ ដោយមានអ្នកតាំងពិព័រណ៍ និងម៉ាកយីហោជាង ២៥០ មកពី ១៥ ប្រទេស រួមមានអឺរ៉ុប ចិន កូរ៉េខាងត្បូង តួកគីយ៉េ ឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ី ដោយរំពឹងថា នឹងមានអ្មកចូលរួមទស្សនាជាង ៥,០០០នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តដល់អ្នករៀបចំពិព័រណ៍នៅកម្ពុជា គួរបង្កើនយន្តការជំនួបពាណិជ្ជកម្ម (B2B) ដើម្បីបង្ហាញផលិតផលខ្មែរទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ សំដៅឈានទៅពង្រីកទីផ្សារក្នុងតំបន់ និងពិភពលោក ក៏ដូចជាទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តមបន្តថា ពិព័រណ៍មិនគួរចប់ត្រឹមពេលដែលព្រឹត្តិការណ៍ត្រូវបានបិទបញ្ចប់នោះទេ ប៉ុន្តែត្រូវមានកិច្ចខិតខំប្រឹងប្រែងតាមដានដើម្បីប្រែក្លាយទំនាក់ទំនងទាំងនោះឱ្យទៅជាលទ្ធផលពាណិជ្ជកម្មជាក់ស្តែង។

លើសពីនេះត្រូវជំរុញឱ្យអាជីវកម្មនានាឈានផ្លាស់ប្តូរឱ្យហួសពីការផលិតតាមបែបប្រពៃណី ដោយកែលម្អស្តង់ដារផលិតផល ការវេចខ្ចប់ និងការទទួលបានវិញ្ញាបនបត្រគុណភាពអន្តរជាតិ ព្រមទាំងទាញយកប្រយោជន៍ឱ្យបានកាន់តែច្រើនពីទីផ្សារឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្សែច្រវាក់ផ្គត់ផ្គង់សកលដែលកំពុងផ្លាស់ប្តូរ។

ឯកឧត្តម សំហេង បូរ៉ា បានលើកទឹកចិត្តដល់អ្នកវិនិយោគអន្តរជាតិឱ្យទាញយកផលប្រយោជន៍ពីមូលដ្ឋានផលិតកម្មដែលកំពុងរីកចម្រើនរបស់កម្ពុជា និងការចូលទៅកាន់ទីផ្សារក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន កូរ៉េខាងត្បូង និងអារ៉ាប់រួម (UAE) ក៏ដូចជាអាស៊ាន និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំថាកម្ពុជាមិនត្រូវមើលឃើញត្រឹមតែជាទីផ្សារសម្រាប់ទំនិញ និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូដែលមានសក្តានុពលសម្រាប់ការផលិត ការវិនិយោគ និងការចែកចាយ ព្រមទាំងជាទ្វារចូលទៅកាន់ទីផ្សារក្នុងតំបន់ដ៏ទូលំទូលាយផងដែរ។

នាឱកាសនោះ លោក ង្វៀន បាវិញ (Nguyen Ba Vinh) នាយកក្រុមហ៊ុនសេវាកម្មពិព័រណ៍ និងពាណិជ្ជកម្ម Minh Vi (VEAS) និងជាអ្នករៀបចំកម្មវិធី មានប្រសាសន៍ថា ពិព័រណ៍អន្តរជាតិរយៈពេលបីថ្ងៃនេះ បម្រើជាវេទិកា B2B ដ៏រស់រវើកក្នុងការភ្ជាប់ទំនាក់ទំនងអាជីវកម្មកម្ពុជា ជាមួយអ្នកផ្គត់ផ្គង់ អ្នកទិញ និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្មមកពីជុំវិញពិភពលោក។

លោកបន្ថែមថា ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកតាំងពិព័រណ៍មកពីកម្ពុជា និងទីផ្សារអន្តរជាតិចំនួន ១៩ ដោយបង្ហាញពីផលិតផល បច្ចេកវិទ្យា និងសេវាកម្មដែលគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យផលិតកម្មសំខាន់ៗ។

លោកបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះ នឹងមានរៀបចំសិក្ខាសាលាឧស្សាហកម្ម, ការផ្គូផ្គងអាជីវកម្ម B2B, កម្មវិធីសម្រាប់អ្នកទិញ និងវគ្គបណ្តុះបណ្តាល ដែលផ្តល់ឱកាសក្នុងការផ្លាស់ប្តូរចំណេះដឹងទីផ្សារ សិក្សាស្រាវជ្រាវបច្ចេកវិទ្យា បង្កើតដៃគូអាជីវកម្ម និងលើកកម្ពស់ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា