នាយករដ្ឋមន្ត្រីកាតា បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ក្នុងថ្ងៃព្រហស្បតិ៍នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីកាតា បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ក្នុងថ្ងៃព្រហស្បតិ៍នេះ
នយោបាយ 27/08/2026

នាយករដ្ឋមន្ត្រីកាតា បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ក្នុងថ្ងៃព្រហស្បតិ៍នេះ

ដូហា ៖ នាយករដ្ឋមន្ត្រីកាតានឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង ជាពិសេស ផ្តោត លើច្រកសមុទ្រ Hormuz។ នេះបើតាម លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា ប្រកាស នៅលើបណ្តាញសង្គម X។

បើតាមប្រភព , នាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani នឹងអញ្ជើញទៅកាន់រដ្ឋធានីរបស់អ៊ីរ៉ង់ នៅថ្ងៃទី២៧ ខែសីហានេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង។

លោក Sheikh Mohammed គ្រោងជួបជាមួយមន្ត្រីអ៊ីរ៉ង់មួយចំនួន ដើម្បីពិភាក្សាអំពីវិធីសាស្ត្រក្នុងការកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនា ហើយ ការពិភាក្សានឹងគ្របដណ្តប់លើបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ Hormuz និងតម្រូវការក្នុងការស្តារផ្លូវទឹកនេះឱ្យត្រឡប់ទៅរកស្ថានភាពដើមវិញ ដូចដែលធ្លាប់មានមុនថ្ងៃទី ២៨ ខែកុម្ភៈ។

បើតាម anadolu , នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្ត្រីកាតា ទៅកាន់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បានផ្ទុះឡើង តាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ កាលពីខែមិថុនា ដោយមានការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន និងកាតា ប៉ុន្តែ ការអនុវត្តកិច្ចព្រមព្រៀងនេះបានជាប់គាំង ដោយសារតែមានភាពខុសគ្នាលើបញ្ហាពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz។

សហរដ្ឋអាមេរិកបានបន្តការវាយប្រហារផ្នែកយោធាទៅលើអ៊ីរ៉ង់ឡើងវិញ កាលពីខែមុន ខណៈដែលទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញ ដោយការវាយប្រហារទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិក នៅក្នុងបណ្តាប្រទេសអារ៉ាប់ ដែលមានសម្ព័ន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោន៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា