អាមេរិកបន្តទម្លាក់គ្រាប់កម្ទេចទូកសង្ស័យដឹកគ្រឿងញៀន ស្លាប់មនុស្ស៤នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកបន្តទម្លាក់គ្រាប់កម្ទេចទូកសង្ស័យដឹកគ្រឿងញៀន ស្លាប់មនុស្ស៤នាក់
នយោបាយ 27/08/2026

អាមេរិកបន្តទម្លាក់គ្រាប់កម្ទេចទូកសង្ស័យដឹកគ្រឿងញៀន ស្លាប់មនុស្ស៤នាក់

បរទេស ៖ ការទម្លាក់គ្រាប់របស់សហរដ្ឋអាមេរិកលើទូកដែលសង្ស័យថា ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន បណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ នៅក្នុងតំបន់សមុទ្រការីបៀន កាលពីថ្ងៃអង្គារ។

បញ្ជាការដ្ឋានភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ហៅកាត់ SOUTHCOM បានបញ្ជាក់ នៅក្នុងការបង្ហោះមួយលើបណ្តាញសង្គម X ថា ការវាយប្រហារនោះបានកំណត់គោលដៅលើនាវាដែល «កំពុងធ្វើសកម្មភាពតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលមានស្រាប់នៅក្នុងតំបន់សមុទ្រការីបៀន»។

ស្ថាប័ននេះបានបន្ថែមថា «ព័ត៌មានសម្ងាត់ដែលបានផ្ទៀងផ្ទាត់បានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់នាវានោះនៅក្នុងសកម្មភាពជួញដូរគ្រឿងញៀន»។

យោធាអាមេរិកបានចាប់ផ្តើមប្រតិបត្តិការដែលមានឈ្មោះថា «Southern Spear» នៅដើមខែកញ្ញា ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាមជាក់ស្តែង ជាមួយបណ្តាញជួញដូរគ្រឿងញៀន ដែលប្រតិបត្តិការចេញពីតំបន់អាមេរិកឡាទីន។

យោងតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន AFP, ចាប់តាំងពីពេលនោះមក មនុស្សជាង ២០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនានា នៅក្នុងសមុទ្រការីបៀន និង មហាសមុទ្រប៉ាស៊ីហ្វិកខាងកើត។

រដ្ឋបាលរបស់លោក ត្រាំ មិនបានផ្តល់ភស្តុតាងច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថា នាវាដែលខ្លួនបានវាយប្រហារនោះពិតជាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឡើយ។

អ្នកជំនាញផ្នែកច្បាប់ និងក្រុមសិទ្ធិមនុស្សនិយាយថា ការវាយប្រហារទាំងនេះអាចចាត់ទុកថា ជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា