ស្វាក្តាម ៤០% របស់ក្រុមហ៊ុនស្រាវជ្រាវវេជ្ជសាស្រ្តអាមេរិកមួយ គឺនាំចូលពីកសិដ្ឋាននៅកំពង់ធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វាក្តាម ៤០% របស់ក្រុមហ៊ុនស្រាវជ្រាវវេជ្ជសាស្រ្តអាមេរិកមួយ គឺនាំចូលពីកសិដ្ឋាននៅកំពង់ធំ

ស្វាក្តាម ៤០% របស់ក្រុមហ៊ុនស្រាវជ្រាវវេជ្ជសាស្រ្តអាមេរិកមួយ គឺនាំចូលពីកសិដ្ឋាននៅកំពង់ធំ

សត្វស្វាក្តាមដែលចិញ្ចឹមនៅក្នុងខេត្តកំពង់ធំ បានតំណាងឱ្យ ៤០% នៃការផ្គត់ផ្គង់ឱ្យក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងសុខាភិបាល។

កសិដ្ឋានចិញ្ចឹមសត្វស្វាក្តាមដ៏ធំមួយនៅក្នុងខេត្តកំពង់ធំ បានក្លាយជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាមេរិកឈ្មោះ Charles River Laboratories (Cambodia) ដោយក្រុមហ៊ុននាំចូលស្វា ៤០% ​ពីកសិដ្ឋានកម្ពុជា ដើម្បីបម្រើឱ្យការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងវិស័យវេជ្ជសាស្ត្រ ព្រមទាំងជីវសាស្ត្រ កម្រិតអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តកំពង់ធំ។

ក្នុងវេទិកាស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានលើកឡើងថា ក្រុមហ៊ុន Charles River Laboratories (Cambodia) បានបោះទុនវិនិយោគជាង ៥០០លានដុល្លារ លើការចិញ្ចឹមស្វាក្តាម នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីខែមករា កន្លងទៅ។

Charles River Laboratories គឺជាក្រុមហ៊ុនមន្ទីរពិសោធន៍ដ៏ធំមួយរបស់អាមេរិក ដែលមានប្រតិបត្តិការនៅប្រមាណ ២០ប្រទេស និងបុគ្គលិកជាង ២ម៉ឺននាក់ ព្រមទាំងទទួលបានការទទួលស្គាល់ពីភ្នាក់ងារចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)។ ឯកឧត្តម នួន ផារ័ត្ន បានសង្កត់ធ្ងន់ថា ការចិញ្ចឹមស្វាក្តាមក្នុងខេត្តកំពង់ធំ ត្រូវបានចាត់ចូលជាផ្នែកនៃខ្សែច្រវាក់ផលិតកម្មកម្រិតអន្តរជាតិ ដែលដើរតួនាទីយ៉ាងសំខាន់។

ឆ្លើយតបនឹងក្តីបារម្ភរបស់អ្នកអភិរក្សជុំវិញហានិភ័យផុតពូជសត្វស្វាក្តាម ឯកឧត្តមអភិបាលខេត្ត បានពន្យល់យ៉ាងច្បាស់ថា ការចិញ្ចឹមនេះធ្វើឡើងប្រកបដោយក្រមសីលធម៌ និងច្បាប់ទម្លាប់ត្រឹមត្រូវ។ ស្វាដែលអាចនាំចេញបាន គឺជាស្វាជំនាន់ទី៣ ដែលបានបង្កាត់នៅក្នុងកសិដ្ឋាន ពោលគឺមិនមែនជាការចាប់ស្វាពីក្នុងព្រៃនាំចេញនោះទេ។ ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ថា ក្រុមហ៊ុនមិនអាចចាប់ស្វាព្រៃមកវេចខ្ចប់ដឹកជញ្ជូនបានឡើយ បើរកឃើញ គឺជាបទល្មើសច្បាប់ព្រហ្មទណ្ឌ។

ជាមួយគ្នានេះ បច្ចុប្បន្ន រដ្ឋបាលខេត្តធំ កំពុងសហការជាមួយក្រុមហ៊ុន ដើម្បីផ្តល់ឱកាសឱ្យអ្នកស្រុកកំពង់ស្វាយ អាចប្រមូលផល និងផ្គត់ផ្គង់បន្លែផ្លែឈើសម្រាប់ធ្វើជាចំណីសត្វស្វា ដើម្បីជួយលើកស្ទួយជីវភាពពលរដ្ឋមូលដ្ឋានផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន ៥ ដែលមានកសិដ្ឋានស្រាវជ្រាវ ចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាមចំនួន ៦ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងកំពង់ឆ្នាំង។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម គិតត្រឹមឆ្នាំ២០២៤ មានសត្វស្វាចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្មជាង ១០ម៉ឺនក្បាល និងបាននាំចេញប្រមាណជាង ១ម៉ឺនក្បាល ហើយក្នុងរយៈពេលចន្លោះពីឆ្នាំ២០០០ ដល់ ២០២៤ កម្ពុជាបាននាំចេញសត្វស្វាសរុបជិត ១០ម៉ឺនក្បាល សម្រាប់បម្រើដល់ការពិសោធន៍វេជ្ជសាស្ត្រដែលចាំបាច់បំផុតសម្រាប់មនុស្សជាតិ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា