សម្តេច ហ៊ុន ម៉ាណែត លាតត្រដាងពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជានៅមុខថ្នាក់ដឹកនាំសភាអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច ហ៊ុន ម៉ាណែត លាតត្រដាងពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជានៅមុខថ្នាក់ដឹកនាំសភាអន្តរជាតិ

សម្តេច ហ៊ុន ម៉ាណែត លាតត្រដាងពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជានៅមុខថ្នាក់ដឹកនាំសភាអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រីកម្ពុជា បានលាតត្រដាងពីទង្វើឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជានាពេលកន្លងមកនៅចំពោះមុខមេដឹកនាំសភាប្រទេសនានា ក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ នៅកម្ពុជានា ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។
 
សន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ មានការចូលរួមពីថ្នាក់ដឹកនាំសភាមកពីចំនួន៤០ប្រទេស។
 
សម្តេចធិបតី បានសង្កត់ធ្ងន់​លើ​សន្តិភាព ដែលជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ ហើយជាមូលដ្ឋានគ្រិះ មិនអាចខ្វះបានសម្រាប់ស្ថាប័ន និងការរីកចម្រើនប្រកបដោយចីរភាព។ សម្រាប់កម្ពុជា សន្តិភាពដែលរកបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាមស៊ីវិលជាប្រវត្តិសាស្ត្រ និងបាននាំមកនូវផ្លែផ្កាយ៉ាងច្រើន ដូចជាការស្តារសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការវិនិយោគលើការអប់រំ និងសុខាភិបាល និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារតំបន់ និងសកលលោក។
 
ទោះជាកម្ពុជាទទួលបានសន្តិភាពពេញលេញចំនួន២៦ ឆ្នាំ ប៉ុន្តែនៅឆ្នាំ ២០២៥ សង្គ្រាមព្រំដែនជាមួយថៃបានផ្ទុះឡើងវិញ ដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ និងធ្វើឱ្យប្រជាពលរដ្ឋភៀសសឹកជាង ២ ម៉ឺននាក់មិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបាន។
 
សម្តេចធិបតីបន្តថា  ទោះជាមានកិច្ចព្រមព្រៀង និងបទឈប់បាញ់នៅចុងឆ្នាំ២០២៥ ក៏ដោយ ក៏ស្ថានភាពនៅលើដីនៅតែមានភាពផុយស្រួយ ដោយសារកងទ័ពនៅតែប្រឈមមុខដាក់គ្នា ហើយគណៈកម្មការព្រំដែន (JBC) មិនអាចចាប់ផ្តើមការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនឡើងវិញនៅឡើយ។ លើសពីនេះ ភាគីថៃនៅតែបន្តកាន់កាប់ដី សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងទឹកដីកម្ពុជា ព្រមទាំងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរបស់ខ្លួន​។ 
 
សម្តេចធិបតី មានប្រសាសន៍ថា ទោះបីប្រឈមនឹងបញ្ហាទាំងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់ជានិច្ចនូវជំហរដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ទាំងបញ្ហាព្រំដែនគោក និងបញ្ហាព្រំដែនសមុទ្រ។
 
សម្ដេចធិបតីបានលើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនត្រឹមតែជាបញ្ហាផ្ទៃក្នុងទ្វេភាគីរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាជាការព្រួយបារម្ភរួមរបស់សកលលោក ក្នុងការរួមគ្នាគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ គោលការណ៍មិនរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ាន។​ កម្ពុជាសង្ឃឹមយ៉ាងមុតមាំចំពោះការយកចិត្តទុកដាក់ និងការគាំទ្របន្តទៀតពីសំណាក់សហគមន៍អន្តរជាតិ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា