ព្រះមហាក្សត្រខ្មែរ៖ ការពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ជាកត្តាចាំបាច់បន្ទាន់នាពេលបច្ចុប្បន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រខ្មែរ៖ ការពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ជាកត្តាចាំបាច់បន្ទាន់នាពេលបច្ចុប្បន្ន
នយោបាយ 27/08/2026

ព្រះមហាក្សត្រខ្មែរ៖ ការពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ជាកត្តាចាំបាច់បន្ទាន់នាពេលបច្ចុប្បន្ន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកត្តាចាំបាច់បន្ទាន់ ស្របពេលពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការបាត់បង់ទំនុកចិត្តគ្នាទៅវិញទៅមក និងបញ្ហាប្រឈមនានា។
 
ក្នុងព្រះរាជសារជូនសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ព្រះមហាក្សត្រកម្ពុជាគូសបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឆ្លុះបញ្ចាំងនូវមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្នុងកិច្ចគាំទ្រដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ព្រះអង្គឈ្វេងយល់ថា ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាប្រធានបទប្រកបដោយអត្ថន័យ ហើយសមស្របនឹងកាលៈទេសៈបច្ចុប្បន្ន។
 
សន្តិភាពដែលកម្ពុជាសម្រេចបានក្រោយការតស៊ូ និងការលះបង់ដ៏ធំធេង បានបើកផ្លូវឱ្យប្រទេសកម្ពុជា ដើរតួនាទីកាន់តែសកម្មក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
 
សន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយអាស៊ាន អនុតំបន់មេគង្គ និងសហគមន៍អន្តរជាតិ ព្រមទាំងពង្រីកការរួមចំណែករបស់ខ្លួនតាមរយៈការទូតសភា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សកម្មភាពមនុស្សធម៌ ការជំរុញកិច្ចសន្ទនាអន្តរជាតិ និងកិច្ចការបោសសម្អាតមីន ដើម្បីជាប្រយោជន៍ដល់សន្តិភាព និងសន្តិសុខរួមរបស់មនុស្សជាតិ។
 
សម្រាប់ព្រះមហាក្សត្រកម្ពុជា ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភាលើកទី២ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ហើយក៏ជាការរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមកាន់តែស្មុគស្មាញ។
 
ព្រះអង្គសង្ឃឹមយ៉ាងមុតមាំថា សន្និសីទអន្តរជាតិលើកទី២នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការពង្រឹងសាមគ្គីភាពសភា និងអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួម ដើម្បីសន្តិភាព, ការយោគយល់គ្នាទៅវិញទៅមក, ការផ្សះផ្សា, និងការជឿជាក់រវាងប្រជាជាតិ និងប្រជាជាតិ។
 
សូមបញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ វេទិកានេះ មានគោលបំណងជំរុញការកសាងសហគមន៍អន្តរជាតិមួយ ដែលប្រទេសទាំងអស់អាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនានា លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕

ខន ណារី AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា