អភិបាលស្រុកបាទីដាក់កំហិតមន្រ្តីមិនឲ្យចូលសាលាស្រុកបើមិនពាក់មួកសុវត្ថិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលស្រុកបាទីដាក់កំហិតមន្រ្តីមិនឲ្យចូលសាលាស្រុកបើមិនពាក់មួកសុវត្ថិភាព

អភិបាលស្រុកបាទីដាក់កំហិតមន្រ្តីមិនឲ្យចូលសាលាស្រុកបើមិនពាក់មួកសុវត្ថិភាព

លោក សាយ ​វណ្ណៈ អភិបាលស្រុកបាទី ខេត្តតាកែវ បានដាក់កំហិតមន្រ្តីរបស់ខ្លួនមិនឲ្យចូលបរិវេណសាលាស្រុកឡើយ ប្រសិនបើជិះម៉ូតូពុំពាក់មួកសុវត្ថិភាព។ វិធានការនេះធ្វើឡើងក្រោយលោកសង្កេតឃើញថា ក្នុងចំណោមអ្នក ជិះម៉ូតូ២៧គ្រឿងមកមកប្រជុំជាមួយលោកកាលពីថ្ងៃទី២៦សីហា ​គឺមានតែ ៣គ្រឿងប៉ុណ្ណោះដែលពាក់មួកសុវត្ថិភាព។
 
លោកអភិបាលស្រុកបានបញ្ជាក់ចំៗថា អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពមួយចំនួន គឺជាមេភូមិ និងនាយកសាលា​។ បញ្ហានេះ លោក សាយ ​វណ្ណៈ បានលើកឡើងថា យើងជាមន្រ្តីមានតួនាទីដឹកនាំ និងណែនាំពលរដ្ឋ តែមិនអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍នេះផង តើយើងយកអ្វីទៅធ្វើជាគំរូ និងអប់រំពលរដ្ឋឲ្យគោរពច្បាប់​។ លោកបានព្រមានថា បើជិះម៉ូតូមកសាលាស្រុកគ្មានមួកសុវត្ថិភាព គឺមិនឲ្យចូលទេ។
 
លោកអភិបាលស្រុកបាទី បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា សម្រាប់ស្រុកបាទីទាំងមូលក៏នឹងធ្វើការផ្សព្វផ្សាយដល់បណ្ដារោងចក្រទាំងអស់ ឲ្យណែនាំកម្មករពេលជិះម៉ូតូមកធ្វើការ ត្រូវតែពាក់មួកសុវត្ថិភាព ។
 
លោក សាយ ​វណ្ណៈ បានឲ្យដឹងថា នៅស្រុកបាទី មានរោងចក្រសរុបចំនួន ២៦០ ដែលមានកម្មករធ្វើការប្រមាណ ៧ម៉ឺននាក់។ លោករំលឹកថា ការចូលរួមគោរពច្បាប់ចរាណ៍ គឺជារឿងសំខាន់សម្រាប់អាយុជីវិត ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាទី ជាពិសេសនៅផ្លូវជាតិលេខ ២និងលេខ៣ បណ្ដាលឲ្យមានមនុស្សស្លាប់ពី ៣នាក់ទៅ ៥នាក់ក្នុងមួយថ្ងៃ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា