តុលាការ ICC ជំរុញ ជប៉ុន ឲ្យក្លាហានហ៊ានប្រឆាំងសម្ពាធ អាមេរិក ដាក់មកលើខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តុលាការ ICC ជំរុញ ជប៉ុន ឲ្យក្លាហានហ៊ានប្រឆាំងសម្ពាធ អាមេរិក ដាក់មកលើខ្លួន

តុលាការ ICC ជំរុញ ជប៉ុន ឲ្យក្លាហានហ៊ានប្រឆាំងសម្ពាធ អាមេរិក ដាក់មកលើខ្លួន

តូក្យូ ៖ ប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC និយាយថា ប្រទេសជប៉ុនគួរតែព្យាយាមប្រឆាំងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធ មកលើសមាជិក ICC ឱ្យដកខ្លួនចេញពីស្ថាប័នមួយនេះ ។

ថ្លែងតាមរយៈប្រព័ន្ធវីដេអូ ទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងតូក្យូ កាលពីថ្ងៃពុធ, លោកស្រី Tomoko Akane ប្រធានតុលាការ ICC បានអំពាវនាវឱ្យជប៉ុន ដែលជាអ្នកផ្តល់ហិរញ្ញវត្ថុធំបំផុតដល់ ICC ជួយដល់តុលាការ ក្នុងគ្រាដ៏លំបាកនេះ ។

លោកស្រី Akane ដែលក៏ជាជនជាតិជប៉ុនផងនោះ លើកឡើងថា «អស់រយៈពេលជាយូរមកហើយដែលជប៉ុនបានចាត់ទុកនីតិរដ្ឋជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួន។ ហេតុដូច្នេះហើយ ទាំងលោកស្រី និងសហគមន៍អន្តរជាតិ មានការរំពឹងទុកខ្ពស់ចំពោះប្រទេសជប៉ុន»។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏បានចាត់ទុកវិធានដាក់សំពាធរបស់អាមេរិកថា ជា «រឿងដ៏គួរឱ្យសោកស្តាយ» ផងដែរ បន្ទាប់ពីលោកស្រីប្រឈមមុខនឹងការរិះគន់ពីគណបក្សប្រឆាំង ក្រុមសិទ្ធិមនុស្ស និងសមាជិកសភាមួយចំនួនមកពីគណបក្សរបស់លោកស្រីផ្ទាល់ ចំពោះការមិនបានការពារតុលាការ ឱ្យបានខ្លាំងក្លាជាងនេះ។

បើតាម aljazeera, រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនយុទ្ធនាការប្រឆាំងនឹងតុលាការ ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ កាលពីសប្តាហ៍មុន ដោយដាក់ទណ្ឌកម្មលើលោកស្រីប្រធាន Tomoko Akane និង មេធាវីជាន់ខ្ពស់ម្នាក់ ។

ទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលប្រទេសដទៃទៀតឱ្យដកខ្លួនចេញពីស្ថាប័ននេះ ខណៈសមាជិកយ៉ាងតិចចំនួន ៥ ប្រទេស បានអនុវត្តតាមអាមេរិក រួចហើយ។

សហរដ្ឋអាមេរិកមិនមែនជាសមាជិក ICC នោះទេ ។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់តុលាការ ក្នុងការស្វែងរកដីកាបង្គាប់ឱ្យចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងការស៊ើបអង្កេតកាលពីពេលកន្លងទៅ មកលើកងទ័ពអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាហេតុបង្កឱ្យមានការខឹងសម្បារពីទីក្រុងវ៉ាស៊ីនតោន ។

តុលាការ ICC ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០២ ដោយសហគមន៍អន្តរជាតិ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម, អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៕

ប្រភព ៖ aljazeera, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា