ថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលជីកប្រឡាយក្នុងទឹកដីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលជីកប្រឡាយក្នុងទឹកដីកម្ពុជា

ថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលជីកប្រឡាយក្នុងទឹកដីកម្ពុជា

រាជរដ្ឋាភិបាលបានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ប្រទេសថៃ ដែលបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលជីកប្រឡាយក្នុងទឹកដីកម្ពុជា។

យោងតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការរំលោភបំពាននេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់តំបន់អានសេះ នៃខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើ ដែលជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០,០០០ និងមាត្រា៥ នៃ MoU ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ សកម្មភាពដែលបានរៀបរាប់ខាងលើនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមក ដើម្បី បន្ធូរបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា