ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសគន្លឹះចំនួន ៣ ក្នុងវិស័យទូរគមនាគមន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសគន្លឹះចំនួន ៣ ក្នុងវិស័យទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសគន្លឹះចំនួន ៣ ក្នុងវិស័យទូរគមនាគមន៍

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសចំនួន ៣ ពាក់ព័ន្ធក្នុងវិស័យទូរគមនាគមន៍» កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និយ័តករ វិស័យឯកជន ប្រតិបត្តិករទូរគមនាគមន៍ សមាគមពាណិជ្ជកម្ម គ្រឹះស្ថានសិក្សានិងស្រាវជ្រាវ ព្រមទាំងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ១៥០ នាក់ ធ្វើឡើងដើម្បីរួមគ្នាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសសំខាន់ៗចំនួន ៣ រួមមាន៖ ផែនការជាតិវិសាលគមន៍ប្រេកង់វិទ្យុ, បទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការរៀបចំការពិគ្រោះយោបល់ជាសាធារណៈនេះឡើង។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីសារៈសំខាន់នៃការចូលរួមពីសំណាក់រាជរដ្ឋាភិបាល និយ័តករ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមគ្នាបង្កើតកំណែទម្រង់ ដែលនាំមកនូវផលប្រយោជន៍យូរអង្វែងសម្រាប់កម្ពុជា។ ឯកឧត្តមបន្ថែមថា សិក្ខាសាលានេះគឺជាឱកាសដ៏សំខាន់ក្នុងការពិនិត្យសេចក្តីព្រាង កំណត់បញ្ហាប្រឈមក្នុងការអនុវត្ត និងធានាថា ប្រកាសទាំង ៣ នេះអាចយកទៅអនុវត្តបានជាក់ស្តែង និងស្របតាមអាទិភាពអភិវឌ្ឍន៍របស់ប្រទេស។

ថ្លែងបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សេចក្តីព្រាងប្រកាសទាំង ៣ នេះ គឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការធ្វើកំណែទម្រង់វិស័យទូរគមនាគមន៍ ដើម្បីឆ្លើយតបទៅនឹងការវិវត្តដ៏រហ័សនៃបច្ចេកវិទ្យា និងគាំទ្រដល់ដំណើរការបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ សេចក្តីព្រាងប្រកាសទាំងនេះ នឹងជួយពង្រឹងក្របខណ្ឌសម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់វិសាលគមន៍ហ្វ្រេកង់វិទ្យុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងធានាបាននូវគុណភាព សុវត្ថិភាព និងអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ក្នុងប្រទេស។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមផ្តល់មតិយោបល់ និងធាតុចូលឱ្យបានផុលផុសដើម្បីឱ្យប្រកាសទាំង ៣នេះ មានភាពគ្រប់ជ្រុងជ្រោយ អាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបចំតម្រូវការជាក់ស្តែង៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា