ថៃពន្លឿនការធ្វើទំនើបកម្មកងទ័ពជើងទឹក ខណៈកម្ពុជាក៏កំពុងពង្រឹងសមត្ថភាពការពារដែនសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃពន្លឿនការធ្វើទំនើបកម្មកងទ័ពជើងទឹក ខណៈកម្ពុជាក៏កំពុងពង្រឹងសមត្ថភាពការពារដែនសមុទ្រ

ថៃពន្លឿនការធ្វើទំនើបកម្មកងទ័ពជើងទឹក ខណៈកម្ពុជាក៏កំពុងពង្រឹងសមត្ថភាពការពារដែនសមុទ្រ

លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា រដ្ឋាភិបាលថៃគ្រោងនឹងទិញយុទ្ធោបរណ៍ថ្មីៗមកបំពាក់ឲ្យកងទ័ពជើងទឹក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod លោកប្រកាសបែបនេះនៅពេលចុះត្រួតពិនិត្យសមយុទ្ធកងទ័ពជើងទឹកភូមិន្ទថៃនៅឯឈូងសមុទ្រថៃ ដោយបានឡើងលើនាវាផ្ទុកឧទ្ធម្ភាគចក្រ HTMS Chakri Naruebet កាលពីថ្ងៃទី២៦ ខែសីហា។
 
លោក អនុទីន បាន​បញ្ជាក់ថា ប្រព័ន្ធអាវុធ និងគ្រឿងបរិក្ខារយោធាមួយចំនួនរបស់កងទ័ពជើងទឹកថៃនាពេលបច្ចុប្បន្ននេះ គឺជិតដល់ពេលត្រូវចូលនិវត្តន៍ហើយ។ ដូច្នេះការពង្រឹងកម្លាំងយោធា និងការទិញអាវុធជំនួសគ្រឿងចាស់ៗ គឺជាកត្តាចាំបាច់ដើម្បីការពារអធិបតេយ្យភាព។ យោធាថៃក៏មានគម្រោងទិញនាវាប្រយុទ្ធប្រភេទ Fregate បន្ថែមទៀតផងដែរ។ 
 
ផែនការទិញសម្ភារៈសឹករបស់ថៃ ធ្វើឡើងស្របពេលដែលកងទ័ពជើងទឹកកម្ពុជាកំពុងធ្វើទំនើបកម្ម ជាពិសេសជាមួយការដាក់ឲ្យដំណើរការថ្មីៗនេះនូវនាវាចម្បាំងឈ្មោះ កោះកុងសែនជ័យ ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ និង​បូរណភាពទឹកដី។​ ការពង្រឹងសមត្ថភាពកងទ័ពក៏ធ្វើឡើងតាមរយៈការហ្វឹកហ្វឺនជាមួយកងទ័ពនៃប្រទេសជាមិត្ត​ផងដែរ។
 
ជាក់ស្តែង កងទ័ពជើងទឹកកម្ពុជា និងអង់គ្លេស ទើបតែបញ្ចប់ការហ្វឹកហ្វឺនរួមគ្នា និងការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស និងការឆ្លើយតបបន្ទាន់។ ការហ្វឹកហ្វឺននេះផ្តោតសំខាន់លើការការឆ្លើយតបផ្នែកវេជ្ជសាស្ត្រ ការថែទាំអ្នករងរបួស ការគ្រប់គ្រងការខូចខាត និងជំនាញជាក់ស្តែងផ្សេងៗទៀតក្នុងវិស័យនាវាចរណ៍។​
 
បន្ថែមលើនេះ កម្ពុជា និងសហរដ្ឋអាមេរិក ក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក ដោយគ្រោងធ្វើលំហាត់ហ្វឹកហ្វឺន «ការ៉ាត់ (CARAT)» ឡើងវិញនៅឆ្នាំ២០២៧ ខាងមុខ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកជំនួយមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមក្នុងលំហាត់សមយុទ្ធយោធាជើងទឹកពហុភាគី SEACAT ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា