សន្និសីទ ISC-2 អនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដើម្បីពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សន្និសីទ ISC-2 អនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដើម្បីពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី

សន្និសីទ ISC-2 អនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដើម្បីពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី

សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយផ្តោតសំខាន់លើការពង្រឹងច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី ការទូតសភា និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពរួម។
 
សេចក្តីប្រកាសនេះត្រូវបានអនុម័តដោយប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក បន្ទាប់ពីបានពិភាក្សាគ្នាអំពីបញ្ហាប្រឈមសំខាន់ៗដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ រួមមាន ជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការរំខានដល់លំហូរពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង និងថាមពល ការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា វិបត្តិមនុស្សធម៌ និងវិសមភាពដែលកំពុងកើនឡើង។
 
ក្នុង «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ប្រធានសភា និងតំណាងសភាដែលចូលរួមក្នុងសន្និសីទ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះការគោរពអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
 
សេចក្តីប្រកាសក៏បានបញ្ជាក់ពីតួនាទីសំខាន់របស់សភា ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការទូតសភា ព្រមទាំងការចូលរួមចំណែកក្នុងការកសាងសន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងគោលការណ៍ប្រជាធិបតេយ្យក្នុងទំនាក់ទំនងអន្តរជាតិ។
 
ជាមួយគ្នានេះ សេចក្តីប្រកាសបានសង្កត់ធ្ងន់លើការពង្រឹង «ការទូតសភា» ក្នុងនាមជាឧបករណ៍សម្រាប់កសាងទំនុកចិត្ត បង្ការជម្លោះ ជំរុញកិច្ចសន្ទនា និងការផ្សះផ្សា ព្រមទាំងការដោះស្រាយភាពតានតឹងមុនពេលបញ្ហាវិវត្តទៅជាជម្លោះ។
 
នៅក្នុងការប្តេជ្ញាចិត្តចុងក្រោយ ប្រធានសភា និងតំណាងសភា បានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពហុភាគីនិយម នៅតែជាមូលដ្ឋានដែលមិនអាចខ្វះបានសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។
 
សន្និសីទប្រធានសភានៃអន្តរសភាលើកទី៣ (ISC-3) នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៧ នៅប្រទេសឥណ្ឌូណេស៊ី៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា