កម្ពុជាប្រកាសប្រាប់តំណាងអង្គទូតថា គ្មានទៀតឡើយមជ្ឈមណ្ឌលឆបោកអនឡាញទ្រង់ទ្រាយធំនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រកាសប្រាប់តំណាងអង្គទូតថា គ្មានទៀតឡើយមជ្ឈមណ្ឌលឆបោកអនឡាញទ្រង់ទ្រាយធំនៅកម្ពុជា

កម្ពុជាប្រកាសប្រាប់តំណាងអង្គទូតថា គ្មានទៀតឡើយមជ្ឈមណ្ឌលឆបោកអនឡាញទ្រង់ទ្រាយធំនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រកាសជាផ្លូវការចំពោះមុខតំណាងអង្គទូត និងអង្គការអន្តរជាតិជិត ៥០ ប្រចាំកម្ពុជាថា បច្ចុប្បន្ននេះពុំមាន «មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជាទៀតឡើយ»  បន្ទាប់ពីសមត្ថកិច្ចបានបើកយុទ្ធនាការបោសសម្អាត Online Scams យ៉ាងក្តៅគគុក។
 
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុង «កិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
 
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានលើកឡើងថា ក្នុងរយៈពេលជាង ១ ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងកម្ពុជាបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ ទីតាំង  ក្នុងនោះបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ ម៉ឺននាក់ មាន ៣៩ សញ្ជាតិ។
 
ជាមួយគ្នានេះ សមត្ថកិច្ចបានស្រាវជ្រាវប្រមូលភស្តុតាងនៅ ១៦៩ ទីតាំងបន្ថែមទៀត ដែលជនល្មើសបានបោះបង់ចោល និងគេចខ្លួន។ ទន្ទឹមគ្នានេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មបាន និងកំពុងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានបង្ក្រាបកាស៊ីណូចំនួន ២៧ ក្នុងនោះ ដកហូតអាជ្ញាបណ្ណ ១៨ កាស៊ីណូ និងព្យួរអាជ្ញាបណ្ណ ៩ កាស៊ីណូ។
 
ក្នុងប្រតិបត្តិការដ៏ធំនេះ សមត្ថកិច្ចកម្ពុជាបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសសរុបជាង ៥ម៉ឺន៨ពាន់នាក់ ក្នុងនោះមានជាង២ម៉ឺននាក់ ជាមុខសញ្ញាពាក់ព័ន្ធផ្ទាល់នឹងបទល្មើសឆបោក។ ចំពោះវិធានការផ្លូវច្បាប់ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងទៅកាន់តុលាការសរុប ៤០៨ ករណី។ មុខសញ្ញាសង្ស័យចំនួនជិត ៣ពាន់ ៥០០នាក់ មាន២៩ សញ្ជាតិ ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ហើយសមត្ថកិច្ចកំពុងបន្តតាមស្វែងរកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន ៨៥៥ នាក់បន្ថែមទៀតតាមដីកាតុលាការ។
 
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា មជ្ឈមណ្ឌលឆបោកធំៗត្រូវបានបោសសម្អាតទាំងស្រុងហើយ។ ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាត់វិធានការលើសំណុំរឿងចំនួន ៤ ករណី ដោយបានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ និងមន្ត្រីអនុវត្តច្បាប់ចំនួន ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួន ដែលបានពាក់ព័ន្ធនឹងបទល្មើសនេះ។
 
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា ក្រុមឧក្រិដ្ឋជនបានប្តូរយុទ្ធសាស្ត្រមកធ្វើសកម្មភាពបែកចែកជាក្រុមតូចៗ តាមផ្ទះសំណាក់ ខុនដូ ផ្ទះជួល រថយន្ត និងហាងកាហ្វេវិញ។ សមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុតដោយគ្មានការលើកលែងឡើយ។
 
ដើម្បីពង្រឹងការបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់សន្តិសុខសាយប័រ ច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន និងបទប្បញ្ញត្តិគ្រប់គ្រងទ្រព្យសកម្មនិម្មិត (Virtual Assets)។ តែយ៉ាងណាឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់ភាគីចូលរួមយ៉ាងសកម្ម ព្រោះការប្រយុទ្ធប្រឆាំងបទល្មើសសកលនេះ ទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា