ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ មជ្ឈមណ្ឌលឆបោកធំៗ ត្រូវបានបោសសម្អាតទាំងស្រុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ មជ្ឈមណ្ឌលឆបោកធំៗ ត្រូវបានបោសសម្អាតទាំងស្រុង

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ មជ្ឈមណ្ឌលឆបោកធំៗ ត្រូវបានបោសសម្អាតទាំងស្រុង

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំ ពោលគឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ ទីតាំង ដោយក្នុងនោះបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។ ការថ្លែងយ៉ាងដូច្នេះត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនដល់តំណាងអង្គទូតបរទេសនិងអង្គការអន្តរជាតិប្រចាំកម្ពុជា ចំនួនប្រមាណ៥០នាក់ ដែលបានចូលរួមកាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងកិច្ចប្រជុំដែលមានការចូលរួមលើកជាសំណួរយ៉ាងផុលផុសពីសំណាក់តំណាងអង្គទូតបរទេសជាមួយការឆ្លើយតបជូនវិញភ្លាមៗ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញទិន្នន័យលម្អិតថា សមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវប្រមូលភស្តុតាងនៅទីតាំងបទល្មើសចំនួន ១៦៩កន្លែងបន្ថែមទៀត ដែលជនល្មើសបានបោះបង់ចោល និងបានគេចខ្លួន។ ចំពោះវិធានការចំពោះជនប្រព្រឹត្តល្មើសច្បាប់ សមត្ថកិច្ចកម្ពុជាបានជួយសង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសសរុប ៥៨,២៦៦ នាក់ ក្នុងនោះស្រី្ត ៧,២៨២ នាក់ ដោយក្នុងនោះមាន ២២,០៤៥ នាក់ (៣៨ សញ្ជាតិ) ជាមុខសញ្ញាពាក់ព័ន្ធផ្ទាល់នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនឹងវិធានការបណ្តេញចេញ យន្តការផ្លូវច្បាប់ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះមុខសញ្ញាស្នូល ដោយសមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងទៅកាន់តុលាការសរុប ៤០៨ ករណី។ ផ្អែកលើនីតិវិធីតុលាការ មុខសញ្ញាសង្ស័យចំនួន ៣,៤៧៧ នាក់ មាន ២៩ សញ្ជាតិ ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយក្នុងនោះរួមមានជនជាតិចិន បង់ក្លាដែស វៀតណាម ម៉ាយ៉ាន់ម៉ា ខ្មែរ ឡាវ ម៉ាឡេស៊ី ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ហ្វីលីពីន នេប៉ាល់ យ៉េមែន ស្វីស អេហ្វ្រីកខាងត្បូង កេនយ៉ា កាមេរូន ម៉ារ៉ុក ស្រីលង្កា នេប៉ាល់ កែកហ្ស៊ីស្ថាន អូស្ត្រាលី អ៊ុយក្រែន បារាំង ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងថៃ។ ដោយឡែក សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន ៨៥៥ នាក់បន្ថែមទៀត តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។ ជាការពិត ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែជាការគំរាមកំហែងសកលដ៏ស្មុគស្មាញ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងជនរងគ្រោះជាច្រើនរាប់ទាំងកម្ពុជាផង។ ពួកឧក្រិដ្ឋជនតែងតែបម្លាស់ទី និងផ្លាស់ប្តូរវិធីសាស្ត្របច្ចេកវិទ្យាយ៉ាងរហ័សក្នុងប្រតិបត្តិការឆបោក។

ទោះជាយ៉ាងណា សម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សកម្មភាពឆបោកទ្រង់ទ្រាយធំត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង។ បច្ចុប្បន្ននេះពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់អង្គប្រជុំថា មជ្ឈមណ្ឌលឆបោកធំៗ ត្រូវបានបោសសម្អាតទាំងស្រុង ខណៈវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ត្រូវបានអនុវត្តលើមុខសញ្ញាឧក្រិដ្ឋជន និងមន្ត្រីពាក់ព័ន្ធ។ ជាក់ស្តែង អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាត់វិធានការលើសំណុំរឿងចំនួន ៤ ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ១៥ នាក់ ដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីអនុវត្តច្បាប់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។ ទោះបីទីតាំងធំៗត្រូវបានបោសសម្អាតទាំងស្រុង ក្រុមឧក្រិដ្ឋជនបានប្តូរយុទ្ធសាស្ត្រមកធ្វើសកម្មភាពបែកចែកតូចៗ ដោយលួចលាក់តាមផ្ទះសំណាក់ ខុនដូ ផ្ទះជួល រថយន្ត និងហាងកាហ្វេ ដែលសមត្ថកិច្ចកម្ពុជាបាននិងកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបមិនបង្អង់ដៃ ដោយគ្មានការលើកលែងឡើយ។ ជាមួយគ្នានេះដែរ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក.) បាន និងកំពុងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានបង្ក្រាបកាស៊ីណូចំនួន ២៧ ក្នុងនោះ ដកហូតអាជ្ញាបណ្ណ ១៨ កាស៊ីណូ និង ព្យួរអាជ្ញាបណ្ណ ៩ កាស៊ីណូ។ ទន្ទឹមនេះ សមត្ថកិច្ច បាននិងកំពុងត្រួតពិនិត្យ និងមានវិធានការម៉ឺងម៉ាត់តាមច្បាប់ ចំពោះ កាស៊ីណូ ប្រព្រឹត្តសកម្មភាពល្បែងស៊ីសងភ្នាល់តាមអនឡាញ (Online Gambling ឬ Online Sport Betting )៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា