UN ថ្កោលទោស អាមេរិក ដែលចាត់ថ្នាក់ក្រុមបាតុករ ប៉ាឡេស្ទីន ជាអង្គការភេរវកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ថ្កោលទោស អាមេរិក ដែលចាត់ថ្នាក់ក្រុមបាតុករ ប៉ាឡេស្ទីន ជាអង្គការភេរវកម្ម

UN ថ្កោលទោស អាមេរិក ដែលចាត់ថ្នាក់ក្រុមបាតុករ ប៉ាឡេស្ទីន ជាអង្គការភេរវកម្ម

អ.ស.ប ៖ ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថ្កោលទោសសហរដ្ឋអាមេរិក ដែលបានប្រកាសចាត់ថ្នាក់ក្រុមបាតុករប៉ាឡេស្ទីន ឬ Palestine Action ថា អង្គការពួកភេរវកម្ម ។

ការថ្កោលទោសនេះធ្វើឡើងនៅមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន សម្រេចចាត់ទុកក្រុម Palestine Action ថា ជាអង្គការភេរវកម្ម ដោយលើកឡើងថា វិធានការនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបង្ក្រាបក្រុមដែលមាននិន្នាការឆ្វេងនិយម នៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម ។

ជាមួយគ្នានេះ ក្រសួងការបរទេសអ៊ីស្រាអែលក៏បានស្វាគមន៍ ចំពោះការចាត់ថ្នាក់បែបនេះរបស់អាមេរិកផងដែរ ។

យ៉ាងណា លោក Volker Turk ប្រធានការិយាល័យរបស់ប្រធានផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយថា ការចាត់ថ្នាក់នេះហាក់ដូចជាការរឹតត្បិតហួសហេតុ និង មិនចាំបាច់ លើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ, ការជួបជុំដោយសន្តិវិធី និងការបង្កើតសមាគម ក៏ដូចជា សិទ្ធិក្នុងការចូលរួមក្នុងកិច្ចការសាធារណៈ។

លោកបញ្ជាក់បន្ថែមថា «ការប្រើប្រាស់ពាក្យថា ‘ភេរវកម្ម’ គឺស្ថិតក្នុងន័យទូលំទូលាយពេក ជាពិសេសវាត្រូវបានគេកត់ត្រាថា មានផលប៉ះពាល់ដល់ការរារាំងសេរីភាពរបស់ពលរដ្ឋ នៅក្នុងលំហសង្គមស៊ីវិល»។

បើតាម straitstimes, ក្រុម Palestine Action បានកំណត់គោលដៅបង្កការរំខានលើក្រុមហ៊ុនលក់សព្វាវុធ ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅអង់គ្លេស ជាពិសេស ក្រុមហ៊ុនការពារជាតិដ៏ធំបំផុតរបស់អ៊ីស្រាអែល គឺ ក្រុមហ៊ុន Elbit Systems ដោយក្រុម Palestine Action ទាំងនេះតែងតែរារាំង ច្រកចូល ឬ បាញ់ថ្នាំពណ៌ក្រហម ជាដើម ។

ក្រុមនេះនិយាយថា សកម្មភាពរបស់ខ្លួនតែងតែផ្តោតលើការជួយសង្គ្រោះជីវិតមនុស្ស តាមរយៈការរំខានដល់ម៉ាស៊ីនសង្គ្រាមបញ្ឆេះរបស់អ៊ីស្រាអែល និង ប្រឆាំងនឹងចំពោះវាយប្រហាររបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សា ។

ក្រុម Palestine Action ធ្លាប់ត្រូវបានហាមឃាត់ ដោយចក្រភពអង់គ្លេសភ្លាមៗ បន្ទាប់ពីមានការលួចចូលទៅក្នុងមូលដ្ឋានទ័ពអាកាស Royal Air Force នៅ Brize Norton កាលពីខែមិថុនា ឆ្នាំ២០២៥ ដែលក្នុងនោះ សកម្មជនទាំងនេះបានធ្វើឱ្យខូចខាតយន្តហោះយោធាចំនួន ២ គ្រឿង។

យ៉ាងណា ការហាមឃាត់ក្រុមនេះ ដោយចក្រភពអង់គ្លេស បានបង្កឱ្យមានការផ្ទុះសកម្មភាពតវ៉ាយ៉ាងខ្លាំង ដោយពេលនោះ មានមនុស្សប្រហែល ៣ពាន់នាក់ត្រូវបានចាប់ឃាត់ខ្លួន៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា