ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ឧត្តមភាពឌីជីថលកម្រិតខ្ពស់សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន - The Digital Excellence Elite Program for Leaders of Ministries and Institutions - DEEP” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ឧត្តមភាពឌីជីថលកម្រិតខ្ពស់សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន - The Digital Excellence Elite Program for Leaders of Ministries and Institutions - DEEP”

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ឧត្តមភាពឌីជីថលកម្រិតខ្ពស់សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន - The Digital Excellence Elite Program for Leaders of Ministries and Institutions - DEEP”

ភ្នំពេញ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ឧត្តមភាពឌីជីថលកម្រិតខ្ពស់សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន – The Digital Excellence Elite Program for Leaders of Ministries and Institutions – DEEP” ជូនដល់អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលសហការរៀបចំដោយ ក.ប.ទ. និងក្រុមហ៊ុន Huawei (Cambodia)។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ក.ប.ទ. លោក Xue Dong អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាយកប្រតិបត្តិក្រុមហ៊ុន Huawei Cambodia ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិក នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) នៅអគានវានុវត្តន៍នៃប.ប.ឌ.។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងដោយសង្ខេបអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍និងការតភ្ជាប់បណ្តាញទូរគមនាគមន៍ ដែលបច្ចុប្បន្នបានឈានដល់ការដាក់ប្រើប្រាស់ប្រព័ន្ធទូរសព្ទជំនាន់ទី៥ (5G) ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីអំពីការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាឌីជីថលឈានមុខ រួមមាន យុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត និងក្របខណ្ឌអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ជាដើម។ ជា មួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែករំលែកសមិទ្ធផលលើការកសាងធនធានមនុស្សលើមុខជំនាញបច្ចេកវិទ្យាឌីជីថល ដែលកន្លងមកក្រសួងបានធ្វើកិច្ចការងារជាច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីធ្វើបរិវត្តកម្មឌីជីថលទទួលបានជោគជ័យលុះត្រាតែមានកត្តារួមផ្សំជាច្រើន រួមមាន ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ការផ្លាស់ប្តូររបៀបធ្វើការនិងរបៀបគិត (Change Management) ការប្តេជ្ញាចិត្តខ្ពស់ (Commitment) និងឆន្ទៈនយោបាយច្បាស់លាស់ (Political Will) ហើយក៏ត្រូវមានថ្នាលសេវាសាធារណៈឌីជីថល (Digital Public Infrastructure – DPI) បើមិនដូច្នោះទេ ប្រទេសនីមួយៗនឹងត្រូវការពេលវេលាចន្លោះពី ១០ ទៅ៣០ឆ្នាំ ទើបអាចសម្រេចគោលដៅបាន។ សម្រាប់កម្ពុជា ក.ប.ទ. និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអភិវឌ្ឍបច្ចេកវិទ្យាដើម្បីកាត់បន្ថយពេលវេលាពី ២០-៣០ឆ្នាំ មកនៅសល់ត្រឹមក្រោម ១០ឆ្នាំ ហើយធានាថា បច្ចេកវិទ្យាទាំងនេះនឹងធ្វើឱ្យយើងសម្រេចបានគោលដៅបរិវត្តកម្មឌីជីថល។ ក្នុងនោះ ថ្នាល verify.gov.kh នឹងក្លាយជាថ្នាលមូលដ្ឋានគ្រឹះដែលយើងមិនអាចខ្វះបានសម្រាប់ DPI ព្រោះថ្នាលនេះមានសុវត្ថិភាពខ្ពស់៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា