រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះឡើយ

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះឡើយ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសុន្ទរកថាពិសេសនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC) ដែលប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ការពង្រឹងច្បាប់អន្តរជាតិ និងដំណោះស្រាយជម្លោះដោយសន្តិវិធី» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

នៅក្នុងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមូលបទរបស់សន្និសីទ ដែលរួមបញ្ចូលនូវគោលបំណងធំចំនួនបីមិនអាចកាត់ផ្តាច់ពីគ្នា គឺ៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងវិបុលភាពរួម នៅចំពោះមុខភាពមិនប្រាកដប្រជា នៃបរិយាកាសអន្តរជាតិ។ ក្នុងបរិបទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីដាច់ដោយឡែក និងមិនអាចខ្វះបានរបស់សភាក្នុងការជំរុញច្បាប់អន្តរជាតិ ការទប់ស្កាត់ជម្លោះ និងការបំប្លែងសន្តិភាពទៅជាវិបុលភាពរួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើយោបល់មួយចំនួនដែលសកម្មភាពរបស់សភាអាចសម្រេចបាននូវលទ្ធផលជាក់ស្តែង រួមមាន៖ តួនាទីរបស់សភាក្នុងនាមជាអ្នកការពារច្បាប់អន្តរជាតិនៅកម្រិតជាតិ សមត្ថភាពរបស់សភាក្នុងការលើកកម្ពស់ការទូតបង្ការតាមរយៈកិច្ចសន្ទនាសភា ការរួមចំណែករបស់សភាក្នុងការជំរុញបរិយាកាសនយោបាយដែលអំណោយផលដល់សន្តិភាព តួនាទីរបស់សភាក្នុងការផ្សារភ្ជាប់សន្តិភាពទៅនឹងវិបុលភាពរួម និងតួនាទីរបស់សភាក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយម។

ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងបានសង្កត់ធ្ងន់ថា ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង នោះឡើយ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា