ក្រុមហ៊ុនពីរសហការគ្នាត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនពីរសហការគ្នាត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់
នយោបាយ 29/08/2026

ក្រុមហ៊ុនពីរសហការគ្នាត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់

ក្រុមហ៊ុនក្នុងស្រុក Bright Victory Mekong Petroleum (BVM) និង ក្រុមហ៊ុនអន្តរជាតិ Intertek សម្រេចចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីពិនិត្យគុណភាពប្រេងឥន្ធនៈ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

យោងតាមក្រសួងពាណិជ្ជកម្ម នេះគឺជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ស្តង់ដារគុណភាព សុវត្ថិភាព និងតម្លាភាពក្នុងវិស័យពាណិជ្ជកម្មប្រេងឥន្ធនៈនៅកម្ពុជា ព្រមទាំងធានាការពារផលប្រយោជន៍ និងទំនុកចិត្តជូនដល់អ្នកប្រើប្រាស់។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការពិនិត្យ វិភាគ និងផ្ទៀងផ្ទាត់គុណភាពប្រេងឥន្ធនៈឱ្យបានហ្មត់ចត់ មុននឹងចែកចាយដល់ដៃអតិថិជន ដើម្បីធានាបាននូវស្តង់ដារបច្ចេកទេស ការការពារបរិស្ថាន និងការលើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់នៅកម្ពុជា។

លោកជំទាវ ចម និម្មល បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ ទាំងអស់នៅកម្ពុជា ចំពោះកិច្ចសហការដ៏ល្អប្រសើរ និងស្មារតីបត់បែនខ្ពស់ ក្នុងការចូលរួមដោះស្រាយវិបត្តិ ជាមួយរាជរដ្ឋាភិបាល។ លោកជំទាវរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ លើការធ្វើធុរកិច្ចដោយសុចរិតភាព ការប្រកួតប្រជែងដោយស្មើភាព ស្មោះត្រង់ ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់និងជម្រាបជូនអំពីគំនិតផ្តួចផ្តើមរបស់ក្រសួងក្នុងការវាយតម្លៃនិងផ្តល់រង្វាន់ធុរកិច្ចលើការប្រកាន់ខ្ជាប់នូវគោលការណ៍ទំនួលខុសត្រូវសង្គម (CSR)។

លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់តួអង្គពាក់ព័ន្ធ ដើម្បីជាវិភាគទានដល់ការរៀបចំទិសដៅប្រតិបត្តិការធុរកិច្ចបន្ត ដូចតទៅ៖

ទី១-ក្រុមហ៊ុនប្រេងឥន្ធនៈ BVM និង ក្រុមហ៊ុន Intertek ត្រូវអនុវត្ត អនុស្សរណៈ នៃការយោគយល់គ្នានេះ ដោយពេញលេញ ប្រកបស័ក្តិសិទ្ធិភាព ភាពស្មោះត្រង់ ភាពម៉ត់ចត់ផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ

ទី២-ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានជាប់ជាប្រចាំនូវការវិវត្តនៃវិបត្តិប្រេងឥន្ធនៈនៅតំបន់ជម្លោះមជ្ឈឹមបូព៌ា និយាយដោយទ្បែក និងវិស័យថាមពលអន្តរជាតិ និយាយជារួម ដើម្បីអាចរួមគ្នាត្រៀមដាក់ចេញវិធានការដោះស្រាយ បានទាន់ពេលវេលា និងចំទិសដៅ

ទី៣-លើកទឹកចិត្តដល់ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈក្នុងស្រុកទាំងអស់ បន្តអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពបន្ថែមទៀតទាំងបរិមាណនិងគុណភាព និងសិក្សាពីមេរៀនពិសោធន៍ កន្លងមក

ទី៤-ស្នើក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ បន្តផ្តល់នូវកិច្ចសហការដ៏ល្អប្រសើរ និងជិតស្និទ្ធ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធានានូវនិរន្តរភាព នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងហ្គាសនិងបន្តអនុវត្តយ៉ាងគត់មត់តាមសេចក្តីណែនាំបច្ចេកទេសនិងសេចក្តីជូនដំណឹងអំពីថ្លៃលក់រាយ ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ

ទី៥-ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ រួមទាំងគ្រប់ស្ថានីយនិងដេប៉ូនៅ ក្នុងបណ្តាញចែកចាយរបស់ខ្លួនអនុវត្តឱ្យបានគត់មត់នូវបទដ្ឋានបច្ចេកទេសនិងគុណភាព សំដៅធានាបាននូវការប្រកួតប្រជែងដោយស្មើភាព យុត្តិធម៌ សុចរិតភាព និងធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ អនុលោមតាមច្បាប់និងបទដ្ឋានគតិយុត្តិជាធរមាន។

អត្ថបទ៖វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា