សម្ដេចនាយករដ្ឋមន្ដ្រីណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រៀមខ្លួនទប់ទល់គ្រោះទឹកជំនន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចនាយករដ្ឋមន្ដ្រីណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រៀមខ្លួនទប់ទល់គ្រោះទឹកជំនន់

សម្ដេចនាយករដ្ឋមន្ដ្រីណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រៀមខ្លួនទប់ទល់គ្រោះទឹកជំនន់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់ និងបន្តតាមដានសភាពការណ៍ ពោល ត្រូវកំណត់ជាស្រេចនូវទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយសង្គ្រោះចុះជួយប្រជាពលរដ្ឋក្នុងករណីចាំបាច់ ដើម្បីត្រៀមឆ្លើយតបចំពោះគ្រោះទឹកជំនន់ ។

សម្តេចធិបតីបានណែនាំបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៍នេះ សម្តេចធិបតីណែនាំ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដានការព្យាករណ៍អាកាសធាតុជាប្រចាំ ពិសេសការប្រែប្រួលកម្ពស់ទឹក។

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមគ្រាប់ពូជ ស្បៀង និងសម្ភារៈចាំចាច់សម្រាប់ប្រជាពលរដ្ឋដែលរងការខូចខាតផលដំណាំ ហើយត្រូវស្តារឡើងវិញ ។

ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនសកម្មភាពជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសប្រជាកសិករ ដើម្បីក្តាប់នូវតម្រូវការជាក់ស្តែង ដែលអាចអន្តរាគមន៍ជួយក្នុងករណីណាមួយ ។

យោងតាមរបាយការណ៍អំពីស្ថានភាពទឹកជំនន់ ខេត្តចំនួន ៤ របស់កម្ពុជាទទួលរងទឹកជំនន់ គឺខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម ដោយប៉ះពាល់ពលរដ្ឋជាង ២ម៉ឺនគ្រួសារ ក្នុងនោះ ជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ២ ពាន់គ្រួសារ។ ផ្ទះជាង ១៤ 000ខ្នង និងស្រូវជាង ៥ពាន់ហិកតា បានលិចលង់។ ខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្តក្រចេះ និងត្បូងឃ្មុំ ៕

វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា