កំណែទម្រង់រដ្ឋបាលសាធារណៈ ៖ មន្ត្រីជាង ៨ពាន់នាក់ត្រូវបានជ្រើសរើសតាមការប្រឡងប្រជែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណែទម្រង់រដ្ឋបាលសាធារណៈ ៖ មន្ត្រីជាង ៨ពាន់នាក់ត្រូវបានជ្រើសរើសតាមការប្រឡងប្រជែង

កំណែទម្រង់រដ្ឋបាលសាធារណៈ ៖ មន្ត្រីជាង ៨ពាន់នាក់ត្រូវបានជ្រើសរើសតាមការប្រឡងប្រជែង

រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តោតលើការជ្រើសរើសមន្ត្រីប្រកបដោយគុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌ ព្រមទាំងការពង្រឹងសមត្ថភាព សមិទ្ធកម្ម និងប្រព័ន្ធលើកទឹកចិត្តមន្ត្រីរាជការ។ នេះបើយោងសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ក្នុងរយៈពេលពាក់កណ្តាលអាណត្តិនៃនីតិកាលទី៧ នៃរដ្ឋសភា គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ឬ គ.វ.រ. ដែលមានក្រសួងមុខងារសាធារណៈជាលេខាធិការដ្ឋាន បានអនុវត្តវិធានការសំខាន់ៗជាច្រើន ដើម្បីធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ចំណុចសំខាន់មួយ គឺការកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ក្នុងរយៈពេលកន្លងមក ការប្រឡងប្រជែងត្រូវបានរៀបចំសរុបចំនួន ៥៨លើក សម្រាប់ក្រសួង និងស្ថាប័នចំនួន ១២ ដោយមានបេក្ខជនដាក់ពាក្យចូលរួមប្រមាណជាង ២៩ម៉ឺននាក់។​

តាមរយៈការប្រឡងប្រជែងនេះ មន្ត្រីចំនួន ៨ ០៥៩នាក់ ត្រូវបានជ្រើសរើសជាប់ស្ថាពរ ក្នុងនោះ មានគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ៣ ០២៣នាក់ និងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ៣៤១នាក់

ទន្ទឹមនេះ ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈមន្ត្រីរបស់ក្រសួង ស្ថាប័ន ត្រូវបាននិងកំពុងរៀបចំនៅតាមក្រសួង ស្ថាប័ន ចំនួន ២៩ រីឯក្រសួង ស្ថាប័ន ចំនួន ២៧ផ្សេងទៀត បាននិងកំពុងរៀបចំសេចក្តីព្រាងដំបូងនៃអនុក្រឹត្យនេះផងដែរ។

ទន្ទឹមនេះ ក្រសួង ស្ថាប័នចំនួន ១៦ បានឆ្លងកាត់យន្តការពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធរួចហើយ ហើយបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅថ្មី ព្រមទាំងបានកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០។

គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិចំនួន២២ រួមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ក្នុងរដ្ឋបាលរាជធានី ខេត្ត ចំនួន ២ និងគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងរដ្ឋបាលរាជធានី ខេត្ត ចំនួន ២។

លទ្ធផលទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើកំណែទម្រង់រដ្ឋបាលសាធារណៈដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាលកាន់តែមានប្រសិទ្ធភាព អាចបម្រើប្រជាពលរដ្ឋបានល្អ ហើយឆ្លើយតបនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា