ប៉ូឡូញ ចង់ឱ្យ អាមេរិក ពង្រីកផលិតកម្មសំណាញ់មេឃ Patriot នៅក្នុងប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូឡូញ ចង់ឱ្យ អាមេរិក ពង្រីកផលិតកម្មសំណាញ់មេឃ Patriot នៅក្នុងប្រទេសខ្លួន

ប៉ូឡូញ ចង់ឱ្យ អាមេរិក ពង្រីកផលិតកម្មសំណាញ់មេឃ Patriot នៅក្នុងប្រទេសខ្លួន

វ៉ាស៊ីនតោន ៖ ប្រទេសប៉ូឡូញ និងអាមេរិក កំពុងធ្វើការចរចាកម្រិតខ្ពស់ ដើម្បីផ្លាស់ប្តូរទីតាំង និងពង្រីកខ្សែសង្វាក់ផលិតកម្មសំណាញ់មេឃ ឬប្រព័ន្ធខែលការពារដែនអាកាស Patriot មកកាន់ទឹកដីប៉ូឡូញ ។

បើតាម Anadolu, ការចរចានេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការខ្វះខាតគ្រាប់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដែលផលិតដោយអាមេរិកនៅទូទាំងទ្វីបអឺរ៉ុប ក៏ដូចជាដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់អង្គការណាតូ ។

ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោកស្រី Magdalena Sobkowiak-Czarnecka បាននិយាយកាលពីថ្ងៃ សៅរ៍ ថា សំណើនេះ ត្រូវបានពិភាក្សាជាមួយមន្រ្តីនៅមន្ទីរបញ្ចកោណ និងក្រសួងការបរទេសអាមេរិក ។

លោកស្រីអះអាងថា ការសម្រេចចិត្តចុងក្រោយរបស់ភាគីអាមេរិក អាចនឹងលេចចេញជារូបរាងក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ។

ប្រភពទម្លាយឱ្យដឹងថា បច្ចុប្បន្ន ប៉ូឡូញកំពុងប្រជែងជាមួយអាល្លឺម៉ង់ ដើម្បីទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការបង្កើតខ្សែសង្វាក់ផលិតកម្មមីស៊ីលរបស់សំណាញ់មេឃ Patriot នាពេលអនាគត ។

ទន្ទឹមគ្នា ប៉ូឡូញក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការត្រីភាគីរវាងអាមេរិក ប៉ូឡូញ និងអ៊ុយក្រែន ក្នុងការផលិតមីស៊ីលស្ទាប់ចាប់ PAC-3 របស់សំណាញ់មេឃ Patriot ។

សំណើនេះ ធ្វើឡើងដើម្បីធានាថា ការផលិតរបស់អ៊ុយក្រែន ដែលទទួលបានអាជ្ញាប័ណ្ណពីអាមេរិក ស្ថិតនៅក្នុងទីតាំងដែលមានសុវត្ថិភាព ពោលគឺនៅលើទឹកដីប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ ។

គួរបញ្ជាក់ថា ប៉ូឡូញបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសចំណាយលើវិស័យការពារជាតិធំបំផុតរបស់អង្គការណាតូ ចាប់តាំងពីផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។

ជាក់ស្តែង ប៉ូឡូញបានបញ្ជាទិញអាវុធធំៗពីអាមេរិក រួមមានសំណាញ់មេឃ Patriot, រថក្រោះចម្បាំង Abrams, ប្រព័ន្ធកាំភ្លើងធំ HIMARS និងយន្តហោះចម្បាំងបំបាំងកាយ F-35 ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា