ផែនទីមិនផ្លាស់ទីតាមកងទ័ពទេ! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផែនទីមិនផ្លាស់ទីតាមកងទ័ពទេ!

ផែនទីមិនផ្លាស់ទីតាមកងទ័ពទេ!

ការដាក់កងទ័ព ទង់ជាតិ ទូកុងតឺន័រ លួសបន្លា ការជីកលេណដ្ឋាន ឬការសាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗដែលយោធាថៃបាននិងកំពុងធ្វើដោយបំពានមកលើទឹកដីកម្ពុជា មិនមែនជាវិធីកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។ សកម្មភាពទាំងនេះអាចបង្កើតវត្តមាន និងការគ្រប់គ្រងជាក់ស្តែងលើដីដោយខុសច្បាប់ ហើយវាមិនអាចបង្កើតអធិបតេយ្យភាពតាមច្បាប់ដោយស្វ័យប្រវត្តិបានទេ។ ផែនទីមិនផ្លាស់ទីតាមកងទ័ព ហើយព្រំដែនក៏មិនរត់តាមទីតាំងដែលកងទ័ពឈរនោះដែរ។
នេះជាចំណុចស្នូលដែលមិនគួរត្រូវបានបំភាន់នៅក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃនោះទេ។ វត្តមានយោធានៅលើទីតាំងមិនបញ្ជាក់ពីអធិបតេយ្យភាព; ការគ្រប់គ្រងជាក់ស្តែង មិនមែនជាកម្មសិទ្ធិស្របច្បាប់; ហើយការបង្កើតអង្គហេតុថ្មីលើដី មិនអាចជំនួសឯកសារគតិយុត្តបានឡើយ។ ព្រំដែនកម្ពុជានិងថៃជាព្រំដែនអន្តរជាតិ ដែលមានអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀមជាមូលដ្ឋានគតិយុត្ត។

អង្គហេតុលើដីមិនអាចលាក់បានឡើយ
នៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ ភូមិជោគជ័យ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះពិនិត្យស្ថានភាពជាក់ស្តែង។ តាមទិន្នន័យដែលអាជ្ញាធរកម្ពុជាបានបង្ហាញក្នុងបេសកកម្មទាំងនេះ មានទូកុងតឺន័រចំនួន ១១៦ នៅ ២៤ ទីតាំង ហើយប្រជាពលរដ្ឋកម្ពុជាចំនួន ១៣,២៥៩ នាក់ ពី ៣,៣១៨ គ្រួសារ ក្នុងនោះមានកុមារ ៣,៤១៦ នាក់ ត្រូវបានរាយការណ៍ថា មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនបាន។
ជាមួយគ្នានេះ រូបភាពផ្កាយរណបបានបង្ហាញពីការបំផ្លាញ ឬឈូសឆាយសំណង់យ៉ាងហោចណាស់ ៦២៧ ខ្នងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្រោយបទឈប់បាញ់ខែធ្នូ ឆ្នាំ២០២៥ដោយយោធាថៃ។ ដូច្នេះ ការជជែកមិនអាចឈប់ត្រឹមពាក្យថា «យើងមិនបានឈ្លានពាន» ឬ «យើងកំពុងការពារទឹកដីរបស់យើង» បានទេ។ ពាក្យអះអាងរបស់ភាគីណាមួយត្រូវប្រឈមមុខនឹងសំណួរដែលអាចផ្ទៀងផ្ទាត់បាន តើសកម្មភាពលើដីស្របនឹងខ្សែព្រំដែន និងកាតព្វកិច្ចដែលកំណត់ដោយឯកសារពាក់ព័ន្ធដែរឬទេ?

បទឈប់បាញ់បានបិទចន្លោះសម្រាប់ការបង្កើតអង្គហេតុថ្មី
កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានសារៈសំខាន់ណាស់។ ភាគីទាំងពីរបានព្រមព្រៀងរក្សាទីតាំងកងទ័ពដោយមិនផ្លាស់ទីបន្ថែម ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំក្រោមកិច្ចព្រមព្រៀងនេះមិនប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ ការវាស់វែង និងខណ្ឌសីមាត្រូវបន្តតាមរយៈ JBC។
ប្រសិនបើថៃជឿថាទីតាំងណាមួយជាទឹកដីរបស់ខ្លួន ការអះអាងនោះត្រូវបង្ហាញតាមឯកសារ និងដោះស្រាយតាមយន្តការដែលភាគីទាំងពីរទទួលស្គាល់ និងមិនមែនចូលមកឈ្លានពានទឹកដីកម្ពុជាដោយកំរោល និងដោយប្រើប្រាស់ផែនទីខុសច្បាប់ឡើយ។
មូលដ្ឋានប្រវត្តិសាស្ត្រ និងគតិយុត្តនៃការកំណត់ព្រំដែនរួមមានសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងឯកសារផែនទីដែលពាក់ព័ន្ធ ខណៈ MoU ឆ្នាំ២០០០ បានបង្កើតក្របខណ្ឌទ្វេភាគីសម្រាប់ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក។

សូម្បីតែចំពោះភូមិជោគជ័យ ភូមិព្រៃចាន់​ ភាគីទាំងពីរក៏បានព្រមព្រៀងតាមយន្តការ JBC លើការស្ទង់វាស់រួម និងការដាក់សញ្ញាបណ្តោះអាសន្ន ដោយបញ្ជាក់ថាសញ្ញាបណ្តោះអាសន្នទាំងនោះ មិនប៉ះពាល់ដល់ព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរឡើយ។ ហេតុនេះ សំណួរមិនមែនថា៖ «ថ្ងៃនេះកងទ័ពរបស់អ្នកណាឈរនៅទីនោះ?» សំណួរត្រឹមត្រូវគឺ៖ «តើសន្ធិសញ្ញា ផែនទី ឯកសារខណ្ឌសីមា និងលទ្ធផលនៃការវាស់វែងរួម កំណត់ទីតាំងនោះយ៉ាងដូចម្តេច?»
បើមិនទាន់ឯកភាព ត្រូវវាស់វែង។ បើមានការខ្វែងគំនិត ត្រូវចរចាគ្នា។ បើមានឯកសារខុសគ្នា ត្រូវផ្ទៀងផ្ទាត់។ បើមានយន្តការដែលបានព្រមព្រៀង ត្រូវប្រើយន្តការនោះ។ អ្វីដែលមិនអាចធ្វើបាន គឺយកកម្លាំងទៅបង្កើតចម្លើយជាមុន ហើយយកស្ថានភាពដែលបង្កើតឡើងនោះទៅធ្វើជាមូលដ្ឋានសម្រាប់ការចរចានៅពេលក្រោយ។
ហេតុនេះ ការបដិសេធដោយពាក្យសម្ដីមិនគ្រប់គ្រាន់ទេ។ បើភាគីណាមួយអះអាងថាសកម្មភាពរបស់ខ្លួនស្របច្បាប់ ត្រូវបង្ហាញមូលដ្ឋានគតិយុត្តដែលគាំទ្រការអះអាងនោះ និងអនុញ្ញាតឱ្យយន្តការខណ្ឌសីមាធ្វើការរបស់វា៕
អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា