ដំណើរទស្សនកិច្ចសិក្សាស្តីពី «ការដាំដុះដំណាំស្រូវឆ្លាតវៃស្របតាមការប្រែប្រួលអាកាសធាតុ» នៅសាធារណរដ្ឋសង្គមនិយមវៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណើរទស្សនកិច្ចសិក្សាស្តីពី «ការដាំដុះដំណាំស្រូវឆ្លាតវៃស្របតាមការប្រែប្រួលអាកាសធាតុ» នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ដំណើរទស្សនកិច្ចសិក្សាស្តីពី «ការដាំដុះដំណាំស្រូវឆ្លាតវៃស្របតាមការប្រែប្រួលអាកាសធាតុ» នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុនជីសញ្ញាក្បាលក្របី សហការជាមួយក្រុមហ៊ុន យីតាក់ គ្រុប ដែលជាអ្នកចែកចាយផលិតផលជីសញ្ញាក្បាលក្របីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា ក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្តីពី «ការដាំដុះដំណាំស្រូវតាមបែបឆ្លាតវៃ» នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ទុយ សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ។

ដំណើរទស្សនកិច្ចនេះក៏មានការចូលរួមពីប្រធាននាយកដ្ឋានដំណាំស្រូវ ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដី និងជីកសិកម្ម
លោក ញឹប ស្រ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ព្រមទាំងតំណាងកសិករមកពីខេត្តចំនួន៧ រួមមាន ខេត្តតាកែវ កណ្តាល បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង និងកំពង់ចាម។

ក្នុងឱកាសនោះ គណៈប្រតិភូបានចុះទស្សនកិច្ចសិក្សានៅសហគមន៍កសិកម្ម « ដំណើរបៃតង ដីល្អ ដំណាំល្អ » ស្ថិតក្នុងឃុំវិនដៀវ ខេត្តអានយ៉ាង និងវិទ្យាស្ថានផលិតពូជស្រូវនៅតំបន់ដីសណ្តទន្លេមេគង្គ។

គណៈប្រតិភូបានសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅអំពីការរៀបចំ និងដឹកនាំសហគមន៍កសិកម្មឱ្យមានប្រសិទ្ធភាព ការគ្រប់គ្រងទឹក និងជីជាតិដី ការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប ព្រមទាំងការអនុវត្តប្រព័ន្ធស្រោចស្រពឆ្លាស់វេនសើម និងស្ងួត ឬហៅកាត់ថា AWD។

បច្ចេកទេសទាំងនេះមានសារៈសំខាន់ក្នុងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនទិន្នផល និងគុណភាពស្រូវ ព្រមទាំងជំរុញការផលិតកសិកម្មឱ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ គណៈប្រតិភូក៏បានសិក្សាអំពីការរៀបចំផែនការផលិតស្រូវតាមតម្រូវការទីផ្សារ និងការតភ្ជាប់ផលិតកម្មរបស់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់ ដើម្បីជួយកាត់បន្ថយហានិភ័យទីផ្សារ និងបង្កើនប្រាក់ចំណូលជូនកសិករ។

បន្ទាប់មក គណៈប្រតិភូបានបន្តចុះពិនិត្យហាងលក់សម្ភារៈកសិកម្មនៅក្នុងសហគមន៍ ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធផ្គត់ផ្គង់ និងចែកចាយធាតុចូលកសិកម្ម ការផ្តល់ប្រឹក្សាបច្ចេកទេស ព្រមទាំងការគាំទ្រដល់សមាជិកសហគមន៍ក្នុងដំណើរការផលិតស្រូវ។

ដំណើរទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសដ៏មានសារៈសំខាន់ដល់មន្ត្រីជំនាញ និងតំណាងកសិករកម្ពុជា ក្នុងការទទួលបានចំណេះដឹងថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាពីគំរូអនុវត្តជាក់ស្តែង ដែលអាចយកទៅកែសម្រួល និងអនុវត្តឱ្យសមស្របទៅនឹងបរិបទកសិកម្មនៅកម្ពុជា។

កម្មវិធីនេះក៏បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងសហគមន៍កសិកម្ម ក្នុងការរួមគ្នាលើកកម្ពស់ផលិតកម្មស្រូវឆ្លាតវៃ ប្រកបដោយប្រសិទ្ធភាព ចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនភាគហ៊ុនជី ប៊ិញឌៀន (ជីសញ្ញាក្បាលក្របី) និងក្រុមហ៊ុន យីតាក់ គ្រុប ដែលបានផ្តួចផ្តើម រៀបចំ និងគាំទ្រដំណើរទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់នេះ។ កម្មវិធីនេះបានផ្តល់ឱកាសដល់មន្ត្រីជំនាញ និងតំណាងកសិករកម្ពុជា ក្នុងការទទួលបានចំណេះដឹងថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាពីបច្ចេកទេសដាំដុះស្រូវឆ្លាតវៃ ដែលអាចយកទៅអនុវត្តឱ្យសមស្របនឹងបរិបទកសិកម្មកម្ពុជា។ សូមជូនពរក្រុមហ៊ុនទាំងពីរឱ្យកាន់តែរីកចម្រើន និងបន្តរួមចំណែកលើកកម្ពស់វិស័យកសិកម្ម និងជីវភាពរបស់កសិករកម្ពុជាប្រកបដោយចីរភាព។

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា