អាមេរិកផ្តល់ថវិកា១៣២,០០០ដុល្លារ ដើម្បីគាំទ្រគម្រោងការពារបេតិកភណ្ឌកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកផ្តល់ថវិកា១៣២,០០០ដុល្លារ ដើម្បីគាំទ្រគម្រោងការពារបេតិកភណ្ឌកម្ពុជា

អាមេរិកផ្តល់ថវិកា១៣២,០០០ដុល្លារ ដើម្បីគាំទ្រគម្រោងការពារបេតិកភណ្ឌកម្ពុជា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសថា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍ លោកជំទាវ Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ នៃសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញទស្សនាសារមន្ទីរជាតិកម្ពុជា ដោយមានការអមដំណើរពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកជំទាវរដ្ឋមន្ត្រីបានជម្រាបជូនអំពីសារសំខាន់នៃសមុច្ច័យ និងតួនាទីរបស់សារមន្ទីរជាតិកម្ពុជាក្នុងការផ្សព្វផ្សាយពីវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរ។ លោកជំទាវក៏បានបង្ហាញវត្ថុសិល្បៈសំខាន់ៗមួយចំនួន ដែលកំពុងដាក់តាំងបង្ហាញក្នុងវិចិត្រសាលក្នុងចំណោមវត្ថុជាង៩០០ បានប្រគល់ត្រឡប់មកកម្ពុជាវិញពីសហរដ្ឋអាមេរិក ។

លោកជំទាវ ភឿង សកុណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់កម្ពុជា ក្នុងការការពារ ថែរក្សា និងអភិរក្សប្រាសាទបុរាណ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់ការជួញដូរ និងការនាំចេញសម្បត្តិវប្បធម៌ខ្មែរដោយខុសច្បាប់ និងការទាមទារធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ក្នុងអំឡុងពេលប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាម និងវិបត្តិជាច្រើនទសវត្សរ៍កន្លងមក។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តគាំទ្រកម្ពុជាលើវិស័យវប្បធម៌។ ក្នុងឆ្នាំ២០២៦ តាមរយៈមូនិធិ Cultural Property Agreement Implementation Grant (CPAIG) សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន១៣២,០០០ដុល្លារ គាំទ្រដល់គម្រោង «ការការពារបេតិកភណ្ឌវប្បធម៌ចល័ត តាមរយៈប្រព័ន្ធមូលដ្ឋានទិន្នន័យរួម និងការកសាងសមត្ថភាព»។

លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពី ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងវិស័យវប្បធម៌ ជាពិសេសតាមរយៈយន្តការនៃ កិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌ (Cultural Property Agreement) ដែលប្រទេសទាំងពីរបានចុះហត្ថលេខាដំបូងនៅឆ្នាំ២០០៣ និងបានក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការពារបេតិកភណ្ឌវប្បធម៌ និងការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរត្រឡប់មកកម្ពុជាវិញ។

ដោយឡែក ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ថា ជំនួយថ្មីនេះនឹងត្រូវប្រើប្រាស់ដើម្បីអភិវឌ្ឍប្រព័ន្ធទិន្នន័យបេតិកភណ្ឌឌីជីថលថ្នាក់ជាតិ ដោយធ្វើការបូកបញ្ចូលកំណត់ត្រាសារពើភណ្ឌពីគ្រឹះស្ថានបេតិកភណ្ឌសំខាន់ៗរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការកត់ត្រា ការពារ និងទាមទារយកមកវិញនូវទ្រព្យសម្បត្តិវប្បធម៌ចល័ត ក្នុងគោលបំណងគាំទ្រដល់កិច្ចព្រមព្រៀងទ្រព្យសម្បត្តិវប្បធម៌ទ្វេភាគីរវាងអាមេរិក និងកម្ពុជា។ ស្ថានទូតសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានមោទនភាពក្នុងការគាំទ្រអធិបតេយ្យភាពវប្បធម៌ និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា