កាសែតដ៏ល្បីរបស់បារាំងសរសេរថា កងទ័ពថៃកំពុងកែប្រែស្ថានភាពភូមិសាស្រ្ត ដើម្បីកាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាសែតដ៏ល្បីរបស់បារាំងសរសេរថា កងទ័ពថៃកំពុងកែប្រែស្ថានភាពភូមិសាស្រ្ត ដើម្បីកាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍
នយោបាយ 31/08/2026

កាសែតដ៏ល្បីរបស់បារាំងសរសេរថា កងទ័ពថៃកំពុងកែប្រែស្ថានភាពភូមិសាស្រ្ត ដើម្បីកាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍

ក្នុងអត្ថបទស៊ើបអង្កេតមួយ កាសែតដ៏ល្បីរបស់បារាំង Le Figaro បញ្ជាក់ចំៗថា ថៃបានឈ្លានពានប្រទេសកម្ពុជាដោយរំលោភលើគោលការណ៍ច្បាប់អន្តរជាតិ ហើយកំពុង​កែប្រែស្ថានភាពភូមិសាស្រ្ត ដើម្បីព្យាយាម “កាន់កាប់ជាអចិន្ត្រៃយ៍” នូវផ្នែកខ្លះនៃទឹកដីកម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។
 
កាសែតដ៏ល្បីបំផុតមួយរបស់បារាំងឈ្មោះ Le Figaro (ឡឺ ហ្វីហ្ការ៉ូ) បានលើកជាសំណួរថា តើកម្ពុជាកំពុងប្រឈមនឹងការកាន់កាប់ទឹកដីជាបណ្តោះអាសន្នដោយយោធាថៃ ឬក៏ជាការបញ្ចូលជាអចិន្ត្រៃយ៍នូវផ្នែកខ្លះនៃទឹកដីកម្ពុជាទៅក្នុងការគ្រប់គ្រងរបស់ថៃ។
 
ក្នុងអត្ថបទបោះពុម្ភផ្សាយនៅថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៦ ​ Le Figaro បានអះអាងថា សកម្មភាពមួយចំនួនដែលកំពុងកើតមាននៅតាមតំបន់ព្រំដែន បង្ហាញពីការរៀបចំសម្រាប់គ្រប់គ្រងយូរអង្វែង ជាជាងការកាន់កាប់យោធាបណ្តោះអាសន្ន។ កាសែតនេះបានលើកឡើងពីការកែប្រែស្ថានភាពភូមិសាស្ត្រ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីកម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។ ​សម្រាប់កាសែតបារាំង នេះគឺជាការភ្ជាប់ទឹកដីកម្ពុជាជាមួយទឹកដីថៃយ៉ាងស្ងៀមស្ងាត់។
 
កាសែតបានប្រៀបធៀបស្ថានភាពនៅកម្ពុជាជាមួយបញ្ហា ដែលកំពុងកើតឡើងនៅប្រទេសសាយប្រឺស ដែលជាសមាជិកមួយរបស់សហភាពអឺរ៉ុប។ ប្រមាណ៣៨%នៃទឹកដីរបស់សាធារណរដ្ឋសាយប្រឺស ត្រូវបានកងទ័ពតួកគីគ្រប់គ្រងតាំងពីឆ្នាំ១៩៧៤រហូតបច្ចុប្បន្ន បើទោះបីមានការថ្កោលទោសពីសហគមន៍អន្តរជាតិក៏ដោយ។ កាសែតបារាំងសង្កេតឃើញថា ទាំងអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបមិនអាចធ្វើអ្វីតួគីបានឡើយ គឺបានត្រឹមតែថ្លែងការណ៍លើក្រដាសប៉ុណ្ណោះ។
 
ក្នុងវិវាទព្រំដែនកម្ពុជា-ថៃ អត្ថបទរបស់ Le Figaro បានរំលឹកថា នៅសតវត្សទី១៩ ព្រះរាជាណាចក្រកម្ពុជាបានស្ថិតក្នុងស្ថានភាពទន់ខ្សោយ ដោយរងសម្ពាធពីសៀម និងអណ្ណាម។ នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តមទី១ បានចុះសន្ធិសញ្ញាបង្កើតអាណាព្យាបាលជាមួយបារាំង ហើយនៅឆ្នាំ១៩០៤ និង១៩០៧ កិច្ចព្រមព្រៀងបារាំង-សៀម បានចែងពីការកំណត់ព្រំដែន និងការប្រគល់ខេត្តបាត់ដំបង សៀមរាប និងសេរីសោភណ្ឌមកកម្ពុជាវិញ។
 
កាសែតបារាំងបានចាត់ទុកផែនទី និងឯកសារដែលកើតចេញពីដំណើរការខណ្ឌសីមាព្រំដែននៅសម័យនោះថា ជាមូលដ្ឋានច្បាប់ដ៏សំខាន់ ដែលកម្ពុជាយកមកប្រើប្រាស់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ អត្ថបទក៏បានភ្ជាប់បញ្ហានេះទៅនឹងគោលការណ៍អន្តរជាតិ Uti possidetis juris ដែលជាគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ បន្ទាប់ពីរដ្ឋមួយទទួលបានឯករាជ្យ។ ថៃបានរំលោភលើទំនៀមអន្តរជាតិនេះ ទើបធ្វើឲ្យ​កើតមានជម្លោះព្រំដែនជាមួយកម្ពុជាជាបន្តបន្ទាប់។
 
​នៅចុងបញ្ចប់នៃអត្ថបទ កាសែត Le Figaro បានដកស្រង់ប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានសម្តែងការសោកស្តាយចំពោះការបំផ្លិចបំផ្លាញប្រាសាទ និងបេតិកភណ្ឌវប្បធម៌ខ្មែរ ដោយចាត់ទុកថា ការបាក់បែកថ្មមួយដុំៗនៃប្រាសាទបុរាណដ៏ពិសិដ្ឋ គឺជាការបាត់បង់ផ្នែកមួយនៃដួងព្រលឹងខ្មែរ ហើយក៏ជាការដួលរលំទៅនៃផ្នែកមួយរបស់សីលធម៌មនុស្សជាតិផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា