ព្រឹទ្ធសភាកម្ពុជាបដិសេធការអះអាងរបស់ថៃ និងបានលាតត្រដាងយុទ្ធសាស្ត្ររំលោភអធិបតេយ្យភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹទ្ធសភាកម្ពុជាបដិសេធការអះអាងរបស់ថៃ និងបានលាតត្រដាងយុទ្ធសាស្ត្ររំលោភអធិបតេយ្យភាព

ព្រឹទ្ធសភាកម្ពុជាបដិសេធការអះអាងរបស់ថៃ និងបានលាតត្រដាងយុទ្ធសាស្ត្ររំលោភអធិបតេយ្យភាព

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានចេញប្រកាសជាផ្លូវការមួយនៅថ្ងៃនេះ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ដែលបានប៉ះពាល់ដល់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
 
ព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា ប្រសាសន៍របស់សម្តេចតេជោ គឺជាការឆ្លុះបញ្ចាំងពីសភាពការណ៍ពិតនៅលើដី ជុំវិញអំពើឈ្លានពានរបស់ភាគីថៃ ព្រមទាំងជាជំហរយុទ្ធសាស្ត្រក្នុងការការពារអធិបតេយ្យជាតិ ធានាការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
 
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់បន្ថែមចំណុចគន្លឹះសំខាន់ៗជាច្រើន ដើម្បីបង្ហាញឱ្យសហគមន៍អន្តរជាតិបានឃើញច្បាស់ពីការពិត ក្នុងនោះរួមមានការលើកឡើងអំពី «បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ» ត្រូវបានភាគីថៃយកមកធ្វើជាលេសបិទបាំងទង្វើប្រើប្រាស់កម្លាំងយោធា ដើម្បីឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា។ កម្ពុជាបញ្ជាក់យ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម មិនអាចយកមកធ្វើជាឧបករណ៍ល្មើសលើគោលការណ៍គ្រឹះនៃអធិបតេយ្យ និងបូរណភាពទឹកដីបានឡើយ។
 
ចំណែកការវាយប្រហារលើសំណង់ស៊ីវិល គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ទីតាំងស៊ីវិលទាំងអស់ត្រូវតែទទួលបានការការពារដាច់ខាត តាមគោលការណ៍បែងចែករវាងវត្ថុស៊ីវិល និងគោលដៅយោធា ហើយការវាយតម្លៃផ្លូវច្បាប់ត្រូវតែផ្អែកលើអង្គហេតុពិតជាក់ស្តែង។
 
កម្ពុជាបានព្រមានច្បាស់ៗអំពី «យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ជ្រូក» ដែលជាល្បិចកលរបស់ថៃក្នុងការផ្លាស់ប្តូរស្ថានភាពនៅលើដីបន្តិចម្តងៗ ដើម្បីបង្កើតជា «ស្ថានភាពសម្រេចរួចរាល់» រួចយកមកធ្វើជាមូលដ្ឋានទាមទារយកទឹកដីកម្ពុជាទាំងខុសច្បាប់។
 
បើតាមអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាការអះអាងរបស់ប្រធានព្រឹទ្ធសភាថៃដែលថា កម្ពុជា «ជាអ្នកបាញ់មុន» ឬចោទថា កម្ពុជាធ្វើជា «ជនរងគ្រោះ» នោះ គ្រាន់តែជាការអះអាងឯកតោភាគី និងជាការប្រឌិតការពិត ដើម្បីបង្វែរកែវភ្នែកសាធារណជនប៉ុណ្ណោះ។ កម្ពុជាដាច់ខាតមិនទទួលយកការបកស្រាយដែលប្រែក្លាយកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យទៅជាការទទួលស្គាល់ការគ្រប់គ្រងដែនដីដោយខុសច្បាប់របស់យោធាថៃឡើយ។
អ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាគ្មានបំណងធ្វើឱ្យកិច្ចការទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិដើម្បីចំណេញនយោបាយនោះទេ។ ប្រសិនបើថៃពិតជាចង់បញ្ចប់ការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ថៃត្រូវតែដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជាជាបន្ទាន់ បញ្ចប់រាល់សកម្មភាពកែប្រែស្ថានភាពដើម និងអនុញ្ញាតឱ្យប្រជាជនស៊ីវិលកម្ពុជាត្រឡប់ទៅរស់នៅលំនៅឋានវិញដោយសុវត្ថិភាព និងកិត្តិយស។
 
កម្ពុជានៅតែប្រកាន់ជំហរថា ការប្រើប្រាស់យន្តការតំបន់ និងអន្តរជាតិ គឺជាសិទ្ធិស្របច្បាប់ដើម្បីទប់ស្កាត់ភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី។ ទំនាក់ទំនងល្អរវាងប្រទេសជិតខាងត្រូវការការជឿទុកចិត្ត និងសុចរិតភាពដែលស្តែងចេញតាមរយៈទង្វើជាក់ស្តែង ជាជាងការប្រើប្រាស់តែពាក្យសម្តី៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា