អាជ្ញាធរខេត្តបាត់ដំបងណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្ន ខណៈ​កម្ពស់ទឹកស្ទឹងសង្កែហក់ឡើងជិតដល់កម្រិតអាសន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរខេត្តបាត់ដំបងណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្ន ខណៈ​កម្ពស់ទឹកស្ទឹងសង្កែហក់ឡើងជិតដល់កម្រិតអាសន្ន

អាជ្ញាធរខេត្តបាត់ដំបងណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្ន ខណៈ​កម្ពស់ទឹកស្ទឹងសង្កែហក់ឡើងជិតដល់កម្រិតអាសន្ន

ទឹកស្ទឹងសង្កែបានហក់ឡើងយ៉ាងគំហុកដល់ ១៣,៥០ ម៉ែត្រ នៅព្រឹកថ្ងៃចន្ទនេះ ដែលខិតជិតដល់កម្រិតអាសន្ន គឺ១៣,៧០ ម៉ែត្រ។ អាជ្ញាធរខេត្តបាត់ដំបងបានណែនាំឱ្យពលរដ្ឋរស់នៅតាមដងស្ទឹងប៉ែកខាងក្រោម ជាពិសេសអ្នកស្រុកឯកភ្នំ ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាពកុមារ និងទ្រព្យសម្បត្តិ។
 
លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន AMS ថា កម្ពស់ទឹកស្ទឹងសង្កែ គិតមកដល់រសៀលថ្ងៃចន្ទដដែលនេះ គឺស្រកចុះបន្តិចវិញ គឺនៅត្រឹម១៣,៣៥ម៉ែត្រ។ អាចថា នៅថ្ងៃស្អែក នឹងបន្តស្រកចុះមកកម្រិតធម្មតាវិញហើយ។​
 
បើតាមលោក ខៃ សុដា ការហក់ឡើងនូវកម្ពស់ទឹកស្ទឹងសង្កែនេះបានបង្កឱ្យប៉ះពាល់ដល់ពលរដ្ឋ និងជន់លិច​ផ្ទះ និងផលដំណាំមួយចំនួននៅស្រុកឯកភ្នំ។
 
អាជ្ញាធរស្រុកឯកភ្នំ បានសម្រេចបិទការធ្វើដំណើរជាបណ្តោះអាសន្នសម្រាប់រថយន្តធុនធ្ងន់គ្រប់ប្រភេទ ដែលមានទម្ងន់ធ្ងន់លើផ្លូវខេត្តលេខ ១៥៦ ចាប់ពីស្ពានដូនទាវ ដល់ស្ពានព្រែកត្រប់ ដោយសារទឹកបានហូរកាត់ផ្លូវមួយចំនួន។ អាជ្ញាធរព្រមានថា នឹងឃាត់រថយន្តទុកជាបណ្តោះអាសន្ន បើមិនអនុវត្តតាមការណែនាំនេះ។
 
​ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈ​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់​បណ្តាញព័ត៌មាន AMS ថា កម្រិតទឹកទន្លេមេគង្គដែលហក់ឡើងក្នុងខេត្តចំនួន៤កាលពីសប្តាហ៍មុន គឺក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម បានប៉ះពាល់ប្រជាពលរដ្ឋជាង ២ម៉ឺន១ពាន់គ្រួសារ ក្នុងនោះមានការជម្លៀសពលរដ្ឋជាង ២ ពាន់គ្រួសារ ជន់លិចផ្ទះចំនួនជាង១ម៉ឺន៤ពាន់ខ្នង និង​ស្រូវចំនួន ៥ពាន់១រយហិកតា។  ខេត្តត្បូងឃ្មុំរងផលប៉ះពាល់ខ្លាំងជាងគេ រហូតដល់ ១ ៧២៦ គ្រួសារ។​
 
តែយ៉ាងណា​ មកដល់ថ្ងៃចន្ទនេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តោយទន្លេមេគង្គក្នុងខេត្តទាំង៤​ ​​កំពុងបន្តស្រកចុះជាលំដាប់។ ទោះបីទឹកបានថយចុះ ប៉ុន្តែឯកឧត្តម សុទ្ធ គឹមកុលមុនី បញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងនៅតែបន្តតាមដាន និងឃ្លាំមើលស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់ជាប្រចាំ ដើម្បីត្រៀមឆ្លើយតប និងផ្តល់ព័ត៌មានបន្ថែម ប្រសិនបើស្ថានភាពមានការប្រែប្រួល។  
 
តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជានៅតែបន្តទទួលរងឥទ្ធិពលព្យុះទី២២ ឈ្មោះ អេតាវ​ និងព្យុះទី២៣ ឈ្មោះ បាងឡាង ដែលធ្វើឱ្យប្រទេសកម្ពុជា​អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា