CMAC ធ្វើបទបង្ហាញជូនក្រុម AOT និងក្រុមអនុព័ន្ធយោធាបរទេសស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CMAC ធ្វើបទបង្ហាញជូនក្រុម AOT និងក្រុមអនុព័ន្ធយោធាបរទេសស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥»

CMAC ធ្វើបទបង្ហាញជូនក្រុម AOT និងក្រុមអនុព័ន្ធយោធាបរទេសស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥»

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh: MACPP) ចូលរួមស្តាប់បទបង្ហាញរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រាជធានីភ្នំពេញ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ានចំនួន ៣៧រូប ដឹកនាំដោយ លោកឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) មកពីសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន ១៦រូប មកពីបណ្តាប្រទេសជាមិត្ត និងប្រទេសសមាជិកអាស៊ាន។
បទបង្ហាញដ៏មានសារៈសំខាន់នេះ មានគោលបំណងផ្តល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងក្រុមអនុព័ន្ធយោធាបរទេស នូវបច្ចុប្បន្នភាពព័ត៌មាន និងព័ត៌មានបច្ចេកទេសស្តីពីការស្រាវជ្រាវ វាយតម្លៃ និងកំណត់តំបន់រងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម និងដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិសាលភាពនៃផលប៉ះពាល់ ដោយសារសង្គ្រាមថៃឈ្លានពានមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥ ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ដែលនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត សុវត្ថិភាព ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដែលមកទល់ពេលនេះនៅមានប្រជាពលរដ្ឋស៊ីវិលកម្ពុជាមួយចំនួនទៀតនៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់គាត់វិញបាននៅឡើយ ព្រមទាំងជាមូលដ្ឋានព័ត៌មានគាំទ្រដល់ការអនុវត្តភារកិច្ចសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។

ជាមួយគ្នានេះផងដែរ តាមរយៈការធ្វើបទបង្ហាញបានឱ្យដឹងថា មានភូមិចំនួន ៣៤៩ ដែលបានរងផលប៉ះពាល់ និងមានប្រជាពលរដ្ឋជាង ៦៤០.០០០នាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាពភ្លាមៗ។ ក្នុងនោះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ចប់ការស្រាវជ្រាវព័ត៌មានបានចំនួន ៣៣៥ភូមិ និងការកំណត់តំបន់រងផលប៉ះពាល់សរុបជាង ៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម ព្រមទាំងប្រមូល និងកំណត់សក្ខីកម្មជាក់ស្តែងបានជាង ១៦.០០០សក្ខីកម្ម។

សូមគូសបញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា