ក្រសួងកសិកម្ម ព្រមានចាត់វិធានការច្បាប់លើអ្នកលក់ត្រីកម្រ និងជិតផុតពូជ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងកសិកម្ម ព្រមានចាត់វិធានការច្បាប់លើអ្នកលក់ត្រីកម្រ និងជិតផុតពូជ

ក្រសួងកសិកម្ម ព្រមានចាត់វិធានការច្បាប់លើអ្នកលក់ត្រីកម្រ និងជិតផុតពូជ

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា អាជ្ញាធរនឹងបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីចុះតាមដាន អប់រំ ផ្សព្វផ្សាយ និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនល្មើសទាំងឡាយណាដែលនៅតែបន្តធ្វើអាជីវកម្មលក់ជលផលកម្រ។  
 
លោកជំទាវ អ៊ឹម រចនា បានថ្លែងសារព្រមាននេះ បន្ទាប់ពីមានករណីតារាកំប្លែងដ៏ល្បីម្នាក់បានយក«ត្រីស្ទក់»ទៅចម្អិនធ្វើជាអាហារ​ ខណៈដែលត្រីប្រភេទនេះត្រូវបាន​ចាត់ថ្នាក់ជាប្រភេទត្រីកំពុងរងគ្រោះ ​ស្ថិតនៅក្រោមការការពារ ការគ្រប់គ្រង និងអភិរក្សស្របតាមច្បាប់ស្តីពីជលផល។
 
លោកបានលើកឡើងថា មុនពេលពលរដ្ឋទិញ លក់ ឬសាកភ្លក់ត្រី និងធនធានជលផលដែលមិនស្គាល់ សូមពិនិត្យ និងស្វែងយល់ជាមុនសិន ពីព្រោះការចាប់ ទិញ លក់ ប្រមូលផល កែច្នៃ ស្តុក ដឹកជញ្ជូន នាំចេញ ឬនាំចូលធនធានជលផលកំពុងរងគ្រោះថ្នាក់ គឺត្រូវបានហាមឃាត់ដោយច្បាប់ លើកលែងតែមានការអនុញ្ញាតពីអងុ្គភាពជំនាញ។
 
របាយការណ៍របស់អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ននេះ ធនធានជលផលកំពុងរងគ្រោះថ្នាក់មានចំនួនសរុប ៥៨ ប្រភេទ ក្នុងនោះមាន ទឹកសាប២៩ ប្រភេទ និងទឹកប្រៃ២៩ ប្រភេទ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១២៣ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៩។ ការកំណត់នេះគឺដោយសារតែផលស្តុកប្រភេទត្រីទាំងនេះនៅក្នុងធម្មជាតិបានថយចុះពី ៥០ ទៅ ៨០ ភាគរយ។
 
អគ្គនាយកដ្ឋានជលផល បានកោតសរសើរចំពោះពលរដ្ឋណា ដែលបានរួមអភិរក្សប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ដោយលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ ដែលនេះជាគំរូល្អសម្រាប់សង្គមទាំងមូល៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា