មន្រ្តីជាន់ខ្ពស់អាមេរិកទៅពិនិត្យការងារជួសជុលប្រាសាទភ្នំបាខែង ដែលទទួលជំនួយជាង ៤,៤លានដុល្លារពីអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្តីជាន់ខ្ពស់អាមេរិកទៅពិនិត្យការងារជួសជុលប្រាសាទភ្នំបាខែង ដែលទទួលជំនួយជាង ៤,៤លានដុល្លារពីអាមេរិក

មន្រ្តីជាន់ខ្ពស់អាមេរិកទៅពិនិត្យការងារជួសជុលប្រាសាទភ្នំបាខែង ដែលទទួលជំនួយជាង ៤,៤លានដុល្លារពីអាមេរិក

ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ បានអញ្ជើញទៅទស្សនាការងារជួសជុលប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប ដែលជាគម្រោងមួយក្នុងចំណោមគម្រោងធំបំផុតរបស់មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសម្រាប់ការអភិរក្សវប្បធម៌ (AFCP) នៅទូទាំងពិភពលោក។ លោកស្រីចង់ស្វែងយល់ដោយផ្ទាល់អំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការការពារប្រាសាទដ៏មានតម្លៃនេះ។
 
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃចន្ទនេះថា កាលពីដើមឆ្នាំនេះ ដើម្បីអបអរសាទរខួប ២៥០ ឆ្នាំនៃការបង្កើតសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកបានផ្តល់ជំនួយពិសេសចំនួន ២៥ ម៉ឺនដុល្លារ តាមរយៈមូលនិធិ AFCP ​សម្រាប់គាំទ្រដល់ការអភិរក្សប្រាសាទភ្នំបាខែង ដែលធ្វើឲ្យជំនួយសរុបរបស់អាមេរិកសម្រាប់គម្រោងមួយនេះកើនដល់ជាង ៤,៤លានដុល្លារ ចាប់តាំងពីឆ្នាំ ២០០៤ មក។
 
ស្ថានទូតអាមេរិករំលឹកថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ភាពជាអ្នកដឹកនាំ និងជំនាញរបស់សហរដ្ឋអាមេរិកបានជួយការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ព្រមទាំងបំពាក់បំប៉នអ្នកជំនាញនៅកម្ពុជា ដើម្បីឱ្យពួកគេ​​អាចដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិរក្សនៅពេលអនាគត។
 
កាលពីថ្ងៃអាទិត្យម្សិលមិញ ស្ថានទូតអាមេរិក ក៏បានលើកឡើងផងដែរថា នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី Cate Dillon បានអញ្ជើញទៅទស្សនាប្រា​សាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ តាមរយៈជំនួយថ្មីចំនួន ១៣ម៉ឺន២ពាន់ដុល្លារអាមេរិក កម្ពុជានឹងបញ្ចូលកំណត់​ត្រាសារពើភណ្ឌរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ទៅក្នុងមូលដ្ឋានទិន្នន័យបេតិកភណ្ឌឌីជីថលជាតិកណ្តាលមួយ ដែលនឹងជួយបង្កើនសមត្ថភាពរបស់តំបន់នេះក្នុងការតាមដាន និងការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន។
 
បើតាមស្ថានទូតអាមេរិក នៅពេលសហគមន៍មូលដ្ឋានយល់ដឹងអំពីតម្លៃនៃបេតិកភណ្ឌវប្បធម៌របស់ខ្លួន និងទទួលបានសមត្ថភាពក្នុងការការពារ ពួកគេនឹងក្លាយជាខ្សែការពារដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពបំផុត ប្រឆាំងនឹងការជីកកកាយខុសច្បាប់ ការលួច និងការជួញដូរវត្ថុបុរាណខុសច្បាប់៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា