អង្គការ AHF ជំរុញឱ្យមានកំណែទម្រង់បំណុលសកល ដើម្បីការពារមូលនិធិថែទាំសុខភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ AHF ជំរុញឱ្យមានកំណែទម្រង់បំណុលសកល ដើម្បីការពារមូលនិធិថែទាំសុខភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

អង្គការ AHF ជំរុញឱ្យមានកំណែទម្រង់បំណុលសកល ដើម្បីការពារមូលនិធិថែទាំសុខភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) បានជំរុញឱ្យមានកំណែទម្រង់បំណុលសកលដើម្បីការពារមូលនិធិថែទាំសុខភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ព្រោះថាបន្ទុកបំណុលកើនឡើងបង្ខំឱ្យប្រទេសទាំងនោះចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាជាងការថែទាំសុខភាព និងការអប់រំ ដែលធ្វើឱ្យប៉ះពាល់លទ្ធភាពក្នុងការបំពេញតម្រូវការសាធារណៈ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី AHF មានប្រសាសន៍ថា «ការថែទាំសុខភាពមិនគួរក្លាយជាជនរងគ្រោះនៃការជាប់អន្ទាក់នៃបំណុលឡើយ។ នៅពេលដែលរដ្ឋាភិបាលត្រូវបានបង្ខំឱ្យចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាងការចំណាយ លើមន្ទីរពេទ្យ ការបង្ការជំងឺ និងការអប់រំ វាគឺធ្វើឱ្យប្រជាជនសាមញ្ញត្រូវចំណាយថ្លៃខ្ពស់បំផុត »។

នៅក្នុងសន្និសិទ្ធសារព័ត៌មានស្តីពី “សេរីភាពពីបំណុល” នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធាន គ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ AHF កម្ពុជាបានបញ្ជាក់ថា បេសកកម្មរបស់ AHF លើសពីការព្យាបាលមេរោគអេដស៍។ ប្រព័ន្ធសុខាភិបាលរឹងមាំ និងប្រកបដោយចីរភាព តម្រូវឱ្យមានការវិនិយោគសាធារណៈគ្រប់គ្រាន់ ហើយវាក្លាយជាមិនអាចទៅរួច នៅពេលដែលប្រទេសនានាជាប់គាំងដែលមិនអាចទ្រទ្រង់បានដោយសារជាប់បំណុល។

លោកវេជ្ជបណ្ឌិតបន្តថា តាមរយៈយុទ្ធនាការ «សេរីភាពពីបំណុល»យើងកំពុងអំពាវនាវឱ្យមានកំណែទម្រង់ ដែលនឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍វិនិយោគលើការថែទាំសុខភាពនិងកសាងសហគមន៍មានសុខភាពល្អជាងមុន។ យើងត្រូវការប្រព័ន្ធហិរញ្ញវត្ថុសកលដ៏យុត្តិធម៌ជាងមុន ដែលត្រូវគិតសុខភាព និងសុខុមាលភាពរបស់ប្រជាជនជាចំបង»។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថាយុទ្ធនាការនេះអង្គការ AHF កំពុងជំរុញឱ្យមេដឹកនាំពិភពលោកអនុម័តកំណែទម្រង់សំខាន់ៗចំនួនបីគឺទីមួយគាំទ្រការអនុវត្តវេទិកាអ្នកជាប់បំណុលដែលជាវេទិកាអន្តរជាតិមួយដែលបានស្នើឡើងក្នុងអំឡុងពេលសន្និសីទអន្តរជាតិលើកទីបួនស្តីពីហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅទីក្រុង Seville និងគាំទ្រដោយប្រទេស G20 នៅអាហ្វ្រិកខាងត្បូង។

ទីពីរ គឺ AHF បានអំពាវនាវឱ្យមានការផ្អាកការសងបំណុលជាស្វ័យប្រវត្តិ និងដោយគ្មានការប្រាក់ នៅពេលណាដែលប្រទេសនានាប្រឈមមុខនឹងគ្រាអាសន្នសុខភាពសាធារណៈធំៗ ឬគ្រោះមហន្តរាយទាក់ទងនឹងគ្រោះធម្មជាតិ អាកាសធាតុនិងទីបីគឺស្នើសុំយកពន្ធលើក្រុមហ៊ុន បញ្ញាសិប្បនិម្មិត (AI) សកល១% លើការវិនិយោគដើមទុន និងប្រាក់ចំណូលពីAI ដែលកំពុងឈានមុខគេដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការបន្ធូរបន្ថយបំណុលដល់ប្រទេសជាប់មានចំណូលទាបឱ្យមានលទ្ធភាពលើការថែទាំសុខភាព ការអប់រំ និងសេវាសាធារណៈសំខាន់ៗផ្សេងទៀត។

អង្គការ AHF បានព្រមានថាបើគ្មានកំណែទម្រង់ដែលមានអត្ថន័យទេ ប្រទេសដែលងាយរងគ្រោះនឹងបន្តការតស៊ូ ដើម្បីវិនិយោគឱ្យបានគ្រប់គ្រាន់លើប្រព័ន្ធថែទាំសុខភាព ការអប់រំ និងការការពារសង្គម ខណៈពេលដែលបំពេញកាតព្វកិច្ចបំណុលដែលកំពុងកើនឡើង។

អង្គការបន្ថែមថា យុទ្ធនាការ «សេរីភាពពីបំណុល» ស្វែងរកយុត្តិធម៌ពីការជាប់បំណុលដែលជាចំណុចចំបង នៃការពិភាក្សាការអភិវឌ្ឍន៍សកល ដោយអះអាងថា ប្រព័ន្ធសុខាភិបាលប្រកបដោយចីរភាពមិនអាចសម្រេចបានទេ លុះត្រាតែប្រទេសនានាមាន ពេលវេលាគ្រប់គ្រាន់ និងថវិកា ដើម្បីវិនិយោគលើប្រជាជនរបស់ពួកគេ។

អង្គការ AHF បានលើកឡើងពីតួលេខសកលដែលបង្ហាញថាមនុស្ស ៣.៤ ពាន់លាននាក់ឥឡូវនេះរស់នៅក្នុងប្រទេសដែលរដ្ឋាភិបាលចំណាយប្រាក់ច្រើនជាងលើការសងបំណុលជាងការថែទាំសុខភាព ឬការអប់រំ។ ទាំងនេះបានបញ្ជាក់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបង់ថ្លៃអត្រាការប្រាក់កម្ចីខ្ពស់ជាងប្រទេសអ្នកមានពីរទៅ 10 ដង ដែលនាំមានការកាត់បន្ថយការវិនិយោគលើប្រព័ន្ធសុខភាព ការអប់រំនិង ការឆ្លើយតបទៅនឹងបំរែបម្រួលអាកាសធាតុ។

បច្ចុប្បន្ន អង្គការ AHF ផ្តល់សេវាបង្ការ ព្យាបាល និងស្វែងរកការគាំទ្រ ផ្តល់សេវាមេរោគអេដស៍ដល់មនុស្សជាង ៣ លាននាក់នៅក្នុងប្រទេសចំនួន ៥០ រួមទាំងប្រទេសកម្ពុជាដែលជាទីតាំងដែលខ្លួនគាំទ្រសេវាផ្តល់ការព្យាបាលមេរោគអេដស៍តាមរយៈចូលរួមចំណែកការងារ សុខភាពសាធារណៈក្នុងភាពជាដៃគូជាមួយក្រសួងសុខាភិបាល អជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍(NAA) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងមេរោគអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងបណ្តាញការងារ តាមសហគមន៍។

អង្គការ AHF បានបញ្ជាក់ថា ការធានាការផ្តល់ហិរញ្ញប្បទានសកលដោយយុត្តិធម៌ជាងមុននឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍ពង្រឹងប្រព័ន្ធសុខាភិបាល ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងកសាងសង្គមដែលអាចគ្រប់គ្រងបាន និងសមធម៌៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា