អ៊ុយក្រែន ស្នើលក្ខខណ្ឌធំមួយ មុនជួយ អាមេរិក បង្កើត “កងទ័ពយន្តហោះដ្រូន” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ស្នើលក្ខខណ្ឌធំមួយ មុនជួយ អាមេរិក បង្កើត “កងទ័ពយន្តហោះដ្រូន”

អ៊ុយក្រែន ស្នើលក្ខខណ្ឌធំមួយ មុនជួយ អាមេរិក បង្កើត “កងទ័ពយន្តហោះដ្រូន”

កៀវ ៖ លោក Mykhailo Fedorov អតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនកាលពីថ្ងៃអាទិត្យបានស្នើឱ្យសហរដ្ឋអាមេរិកយល់ព្រមលើលក្ខខណ្ឌធំមួយសិន មុនពេលរូបលោកជួយទីក្រុងវ៉ាស៊ីនតោនបង្កើត “កងទ័ពយន្តហោះដ្រូន” ។

បើតាម Financial Times, លក្ខខណ្ឌធំនោះ គឺលោកចង់ឱ្យសហរដ្ឋអាមេរិកផ្ទេរគ្រាប់មីស៊ីលស្ទាក់ចាប់ នៃប្រព័ន្ធខែលការពារដែនអាកាស Patriot មកឱ្យអ៊ុយក្រែន ដើម្បីឲ្យទីក្រុងកៀវអាចមានលទ្ធភាពជួយសង្គ្រោះអាយុជីវិតប្រជាជនឆ្លងកាត់រដូវរងាដ៏លំបាកខាងមុខនេះបាន ។

លោក Fedorov និយាយថា រូបលោកត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាយន្តហោះដ្រូនរបស់អ៊ុយក្រែន ដើម្បីជួយសហរដ្ឋអាមេរិកពង្រឹងសមត្ថភាពសង្គ្រាមតាមរយៈការប្រើប្រាស់ដ្រូន ជាពិសេសការបង្កើត “កងទ័ពយន្តហោះដ្រូន” តែម្ដង ។

ការដាក់លក្ខខណ្ឌនេះ កើតឡើងចំពេលដែលអ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះខាតគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ខណៈការវាយប្រហារដោយមីស៊ីលផ្លោង និងយន្តហោះដ្រូនរបស់រុស្ស៊ីនៅតែបន្តឥតដាច់ ។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។

ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ខណៈមីស៊ីលស្ទាក់ចាប់របស់ Patriot នីមួយៗមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់ ។

យោងតាម Kyiv independent, ក្រៅពីលក្ខខណ្ឌផ្ទេរបច្ចេកវិទ្យាដ្រូន ជាថ្នូរនឹងគ្រាប់មីស៊ីលសំណាញ់មេឃ Patriot, អតីតប្រមុខការពារជាតិអ៊ុយក្រែនរូបនេះ ក៏កំពុងស្វែងរកទុនវិនិយោគពីបណ្តាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក សម្រាប់មូលនិធិបច្ចេកវិទ្យាការពារជាតិថ្មីមួយ ។

ប្រភពដដែលរាយការណ៍ថា មូលនិធិបច្ចេកវិទ្យាការពារជាតិថ្មីនេះ មានគោលបំណងធំៗចំនួន៣ រួមមានការបង្កើតប្រព័ន្ធរ៉ូបូតប្រយុទ្ធ, ការផលិតដ្រូនស្ទាក់ចាប់ល្បឿនលឿនតម្លៃធូរថ្លៃ និងចុងក្រោយ គឺការផលិតមីស៊ីលបំពាក់ AI មានតម្លៃធូរថ្លៃដូចគ្នា ៕

ប្រភព ៖ The New Voice of Ukraine និង Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា