ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ស្ដេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ស្ដេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ស្ដេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទ សម្ដេចព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត សព្វព្រះរាជហឬទ័យ ស្តេច​យាងចាកចេញពីមាតុប្រទេសទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន ដើម្បីពិនិត្យ​ព្រះរាជសុខភាព ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ​ខ្មែរ និងសម្តេចព្រះមហាក្សត្រីនៅអាកាសយានដ្ឋាន អន្តរជាតិតេជោ រួមមាន៖ ព្រះញាតិវង្ស សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋ​សភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសម្តេច និង​ឥស្សរជនជាឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ។

យោងព្រះរាជសារធ្វើនៅព្រះបរមរាជវាំង ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ព្រះករុណាព្រះមហាក្សត្រកម្ពុជា សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួម​ជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដើម្បីធ្វើដំណើរទៅពិនិត្យ​ព្រះរាជសុខភាពនៅរដ្ឋធានី​ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។

នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរំលឹកថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែស្តេចយាងទៅ​ប្រទេសចិន​ជាទៀងទាត់ ក្នុងគោលបំណងចម្បង ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។ តាមទម្លាប់ ព្រះអង្គទាំងទ្វេ តែងតែស្តេចយាង​ទៅកាន់រដ្ឋធានីប៉េកាំង ចំនួន ២ដង ក្នុង ១ឆ្នាំ (រៀងរាល់ ៦ខែម្តង) ទៅតាមការយាង និងការរៀប​ចំថែទាំយ៉ាងយកចិត្តទុក​ដាក់ពីសំណាក់ក្រុមគ្រូពេទ្យ​ជំនាញៗរបស់ចិន ។

គួរជម្រាបថា នៅកម្ពុជា ,រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមគ្រូពេទ្យ ថែទាំព្រះរាជសុខភាព ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេចព្រះ មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ដែរ ។ ក្រុមព្រះរាជពេទ្យខ្មែរ ត្រូវបានបង្កើឡើងនៅចុងឆ្នាំ២០២៣។ ក្រៅពីភារកិច្ចទទួលខុស​ត្រូវក្នុងការ​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល និងថែទាំព្រះរាជសុខ​ភាពថ្វាយព្រះអង្គទាំងទ្វេ ក្រុមគ្រូពេទ្យ ថែទាំព្រះរាជសុខភាព មានសិទ្ធិអញ្ជើញ​អ្នកជំនាញវេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តនានា ចូលរួមជួយការងារក្នុងករណីចាំបាច់ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា