អាមេរិកថា ប្រទេសG20 គាំទ្រការដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកថា ប្រទេសG20 គាំទ្រការដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់

អាមេរិកថា ប្រទេសG20 គាំទ្រការដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សេតវិមានបានឱ្យដឹង កាលពីថ្ងៃចន្ទថា បណ្តាដៃគូក្នុងក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ លើពិភពលោក ឬ G20 បានបង្ហាញពីការគាំទ្រវិធានការដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។

លោក Kush Desai អនុប្រធានផ្នែកព័ត៌មានរបស់សេតវិមាន បានថ្លែងថា រដ្ឋបាលរបស់លោក Trump ទទួលបាន «កិច្ចសហប្រតិបត្តិការជាវិជ្ជមាន» ពីដៃគូសេដ្ឋកិច្ចសំខាន់ៗ ខណៈដែលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កំពុងព្យាយាមប្រមូលការគាំទ្រពីបណ្តាប្រទេស G20 សម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។

រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងខិតខំប្រមូលផ្តុំដៃគូក្នុងក្រុម G20 ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុង Asheville រដ្ឋ North Carolina ដែលត្រូវបន្តរហូតដល់ថ្ងៃអង្គារ ខណៈពេលដែលមានការប៉ះទង្គិចដោយអាវុធជាថ្មី ជាមួយទីក្រុងតេហេរ៉ង់។

រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Roland Lescure បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីនានានឹងស្ដាប់អំពីផែនការរបស់សហរដ្ឋអាមេរិក។

លោកបានមានប្រសាសន៍ថា «យើងទាំងអស់គ្នាត្រូវធ្វើការលើបញ្ហានេះ។ សហរដ្ឋអាមេរិកមានទស្សនៈអំពីរបៀបបង្កើនវិធានការដាក់ទណ្ឌកម្ម ហើយយើងនឹងពិភាក្សាជាមួយពួកគេថា តើយើងអាចជួយក្នុងផ្នែកនេះបានដែរឬទេ។»

បើតាម AFP, ក្រុម G20 មានសមាជិកជាប្រទេសចំនួន ១៩ បូករួមទាំងសហភាពអឺរ៉ុប និងសហភាពអាហ្វ្រិក។ ក្រុមនេះត្រូវបានបង្កើតឡើង បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨ ដើម្បីពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា