កម្ពុជាចាប់ផ្ដើមសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចាប់ផ្ដើមសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺ

កម្ពុជាចាប់ផ្ដើមសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺ

តំបន់សេដ្ឋកិច្ចពិសេសថ្មី «ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេក៍» (Cambodia SuperPort ) តម្លៃ ៣០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោម​វត្តមាន​ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
 
តំបន់សេដ្ឋកិច្ចពិសេសថ្មី ដែលមាន​ផ្ទៃដី ១៣២ហិកតា ស្ថិតនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺនេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ ក្នុងការគាំទ្រដល់វិស័យឧស្សាហកម្ម និងភស្តុភារកម្មរបស់កម្ពុជា។
 
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ចាត់ទុកការចាប់ផ្ដើមគម្រោងវិនិយោគថ្មីនៅខេត្តកំពង់ស្ពឺ គឺជាសញ្ញាវិជ្ជមាន ក្នុងការជំរុញការវិនិយោគក្នុងស្រុក បង្កើតឱកាសការងារជូនពលរដ្ឋក្នុងតំបន់ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់ការធ្វើចំណាកស្រុក។
 
ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភាកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ខេត្តកំពង់ស្ពឺ គឺជាទីតាំងប្រមូលផ្ដុំទៅដោយឧស្សាហកម្មកាត់ដេរ ហើយមានច្រកដឹកជញ្ជូនទំនិញយ៉ាងទំលំទូលាយ ដូច្នេះ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រដល់វិស័យឧស្សាហកម្ម និងភស្តុភារកម្មនៅកម្ពុជា។
 
 
គម្រោងតំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នឹងក្លាយជាគំរូដ៏ជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជនក្នុងស្រុក និងដៃគូវិនិយោគអន្តរជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសមិទ្ធផលជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
 
តំបន់សេដ្ឋកិច្ចពិសេសនេះ មិនត្រឹមតែផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានគោលដៅបង្កើតប្រព័ន្ធអេកូឡូស៊ីរួម រវាងវិស័យឧស្សាហកម្ម និងភស្តុភារកម្ម ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងចរាចរទំនិញពីមូលដ្ឋានផលិតកម្មក្នុងស្រុកទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។
 
គម្រោងនេះ មានទីតាំងយុទ្ធសាស្ត្រ ដែលអាចជួយតភ្ជាប់តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងបណ្តាញដឹកជញ្ជូនពហុមធ្យោបាយ។ តាមរយៈការតភ្ជាប់នេះ វាត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងអន្តរជាតិ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា