អ្នកជំនាញ៖ កម្ពុជាគួរពង្រីកការដាំដុះកាហ្វេនៅតំបន់ដែលមានសក្ដានុពល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ៖ កម្ពុជាគួរពង្រីកការដាំដុះកាហ្វេនៅតំបន់ដែលមានសក្ដានុពល

អ្នកជំនាញ៖ កម្ពុជាគួរពង្រីកការដាំដុះកាហ្វេនៅតំបន់ដែលមានសក្ដានុពល

នៅប្រទេសវៀតណាម កសិករមួយចំនួន ជាពិសេសកសិករនៅតំបន់ខ្ពង់រាបកណ្ដាល​ ដែលជាតំបន់ផលិតកាហ្វេសំខាន់ បាននាំគ្នាប្ដូរពីការដាំកាហ្វេទៅដាំទុរេនវិញ ដោយសារទុរេនមានតម្លៃ និងតម្រូវការខ្ពស់ពីទីផ្សារចិន។
 
លោក ច័ន្ទ សុផល អ្នកជំនាញកសិកម្ម និងជាប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ យល់ឃើញថា នេះគឺជាឱកាសល្អសម្រាប់កម្ពុជា ក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេ ជាពិសេសនៅតំបន់ដែលមានសក្ដានុពលលើដំណាំមួយនេះ។ លោកសង្កេតឃើញថា រយៈពេលចុងក្រោយនេះ តម្រូវការគ្រាប់កាហ្វេ មានការកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅលើទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិ។
 
លោក ច័ន្ទ សុផល កត់សម្គាល់ឃើញថា កាហ្វេចាប់ផ្តើមមានទីផ្សារល្អប្រសើរត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ព្រោះតំបន់ដែលផលិតកាហ្វេ ដូចជា អាមេរិកឡាទីន ជាដើម បានជួបប្រទះគ្រោះរាំងស្ងួត ធ្វើឲ្យទិន្នផលកាហ្វេធ្លាក់ចុះ ហើយថ្លៃកាហ្វេកើនឡើង។
 
 
កម្ពុជា មានផ្ទៃដីដាំដុះដំណាំកាហ្វេសរុបប្រមាណ ៨០០ហិកតា និងគ្រោងពង្រីក ៨០០ហិកតាបន្ថែម ក្នុងឆ្នាំ២០២៦នេះ។ ដំណាំកាហ្វេភាគច្រើនមាននៅខេត្តមណ្ឌលគិរី និងរតនគិរី ខណៈខេត្តមួយចំនួនទៀតដូចជា ពោធិ៍សាត់ កោះកុង ប៉ៃលិន ត្បូងឃ្មុំ និងកំពង់ចាម ក៏មានការដាំដុះកាហ្វេដែរ ប៉ុន្តែនៅមានទំហំតិចតួចនៅឡើយ។
 
បច្ចុប្បន្ន កម្ពុជា មានតម្រូវការគ្រាប់កាហ្វេប្រមាណជា ២ម៉ឺនតោនក្នុងមួយឆ្នាំ ប៉ុន្តែ ការផលិតជាក់ស្តែងបានប្រមាណតែ ២ពាន់តោន ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទិន្នន័យនេះបង្ហាញថា កម្ពុជាត្រូវការនាំចូលកាហ្វេជិត ១ម៉ឺន៨ពាន់ តោនក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា