ឯកឧត្តម ឃឹម ហ្វីណង់បំភ្លឺករណីតារាកំប្លែង ពាក់ មី យកត្រីស្ទក់ធ្វើម្ហូបបង្ហោះលើបណ្ដាញសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ឃឹម ហ្វីណង់បំភ្លឺករណីតារាកំប្លែង ពាក់ មី យកត្រីស្ទក់ធ្វើម្ហូបបង្ហោះលើបណ្ដាញសង្គម

ឯកឧត្តម ឃឹម ហ្វីណង់បំភ្លឺករណីតារាកំប្លែង ពាក់ មី យកត្រីស្ទក់ធ្វើម្ហូបបង្ហោះលើបណ្ដាញសង្គម

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបំភ្លឺករណីតា​រា​កំប្លែង ពាក់ មី យកត្រីស្ទក់ ដែលជាប្រភេទត្រីកម្រ ទៅធ្វើម្ហូបបង្ហោះលើបណ្ដាញសង្គម បន្ទាប់ពីសាធារណជនបានជជែកវែកញែកយ៉ាងផុលផុសជុំវិញករណី។
 
ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងយ៉ាងដូច្នេះថា ថ្មីៗនេះ មានការជជែកវែកញែកយ៉ាងផុលផុសជុំវិញករណី «ត្រីស្ទក់» ដែលលោក ពាក់ មី បានយកមកចម្អិន និងបង្ហោះលើបណ្តាញសង្គម។ ដើម្បីចៀសវាងជាការបន្តដេញដោលលើករណីនេះ ឯកឧត្តមទាញយកជាបទពិសោធ និងការសន្និដ្ឋានរួមមួយ សម្រាប់ការដើរទៅមុខទាំងអស់គ្នា។
 
ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា ការចូលរួមបញ្ចេញមតិរបស់មហាជននាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ជាងមុនទៅលើការអភិរក្សធនធានធម្មជាតិ បើធៀបនឹងពេលកន្លងមក។
 
ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា លោក ពាក់ មី ក៏តែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំ និងទប់ស្កាត់បទល្មើសនេសាទ។ ទោះជាយ៉ាងណា ការស្គាល់គ្រប់ប្រភេទត្រីដែលកំពុងរងការគំរាមកំហែងនៅតែជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅ។
 
ហេតុដូច្នេះ ព្រឹត្តិការណ៍ខាងលើនេះបានក្លាយជាមេរៀនមួយសម្រាប់សាធារណជនក្នុងការបង្កើនការប្រុងប្រយ័ត្ន និងស្វែងយល់ជាមុនថាតើប្រភេទត្រី ដែលនឹងត្រូវយកមកបរិភោគ ជាប្រភេទត្រីកម្រ ឬកំពុងរងគ្រោះថ្នាក់ដែរឬទេ។
 
អ្នកនាំរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីឱ្យការចូលរួមការពារកាន់តែមានប្រសិទ្ធភាព ការបន្តជួយផ្សព្វផ្សាយ និងអប់រំគ្នាទៅវិញទៅមក អំពីប្រភេទជលផលដែលកំពុងរងការគំរាមកំហែង គឺជារឿងចាំបាច់បំផុត។
 
សម្រាប់ឯកឧត្តម ឃឹម ហ្វីណង់ ជំនួសឱ្យការបន្ទោសដាក់គ្នាទៅវិញទៅមករវាងអ្នកដឹង និងអ្នកមិនដឹង ឬរវាងអ្នកទិញ អ្នកលក់ និងអ្នកនេសាទ លើរឿងដែលបានកើតឡើងរួចហើយនោះ យើងគួរបែរមកចូលរួមស្ថាបនា និងផ្តល់ការគាំទ្រដល់មន្ត្រីជលផល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ និងសកម្មជន ដែលកំពុងខិតខំប្រឹងប្រែងការពារ និងស្តារធនធានទាំងនេះវិញ។​
ត្រីស្ទក់មានឈ្មោះវិទ្យាសាស្ត្រ ថា Wallago leeri ត្រូវបានចាត់បញ្ជូលជាប្រភេទត្រីកំពុងរងគ្រោះនៅក្នុងបញ្ជី IUCN Red List។ ត្រីនេះមាននៅតាមទន្លេមេគង្គនៃប្រទេសកម្ពុជា ឡាវ វៀតណាម និងថៃ ព្រមទាំងនៅប្រទេសឥណ្ឌូនេស៊ី និងសិង្ហបូរី។ វាអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ដល់ ១០០គីឡូ​។ រដូវវាពងគឺនៅអំឡុងខែកក្កដា៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា